មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងទៀតថា ជាគោលដៅរបស់រាជរដ្ឋាភិបាលទៅថ្ងៃអនាគត គឺមិនចង់ធ្វើពាណិជ្ជកម្មក្រោមប្រព័ន្ធអនុគ្រោះពន្ធរបស់ប្រទេសណាមួយនោះទេ ពោលគឺកម្ពុជាចង់ធ្វើពាណិជ្ជកម្មដោយស្មើមុខស្មើមាត់ជាមួយប្រទេសជាដៃគូ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងអាវុធ EBA ចំនួន២០% និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកមិនបានទាញទម្លាក់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជានោះទេ ពោលគឺការធ្វើពាណិជ្ជកម្មជាមួយសសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុបរបស់កម្ពុជានៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលបានក្តោមចំណែកជាង៤០%នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា ដោយកាលពីឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារនេះសម្រេចបានជិត៩ពាន់លានដុល្លារកើនឡើង១៩% បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែជាង៧ពាន់លានុដុល្លារ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កត្តាដែលជួយឲ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបមិនសូវរងផលប៉ះពាល់ពីការកាត់ប្រព័ន្ធអនុគ្រោះពន្ធ គឺដោយសារទំនិញដែលនាំចេញទៅកាន់ទីផ្សារនេះភាគច្រើនជាទំនិញចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងភាពឆ្លាតវៃរបស់ម្ចាស់រោងចក្រក្នុងការផលិតផលិតផល។ ផ្ទុយទៅវិញការព្យួរ ឬផ្អាកប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ វាបានបន្ថែមបន្ទុកលើការចំណាយរបស់ប្រជាពលរដ្ឋនៅតាមប្រទេសទាំងនោះទៅវិញទេ ពោលគឺក្រោយមានការយកពន្ធ តម្លៃទំនិញទាំងនោះក៏មានការកើនឡើងទៅតាមនឹងផងដែរ។
ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងដូចគ្នាថា ការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP មិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកនោះទេ។ សម្រាប់ឯកឧត្តម បើទោះបីសហរដ្ឋអាមេរិកបន្តពន្យារការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ក៏មិនមានអ្វីប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាដែរ។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាមិនចង់ធ្វើពាណិជ្ជកម្មក្រោមប្រព័ន្ធការអនុគ្រោះពន្ធរបស់ប្រទេសណានោះទេ ពោលគឺកម្ពុជាចង់ធ្វើពាណិជ្ជកម្មដោយស្មើមុខស្មើមាត់ជាប្រទេសដៃគូ។
គួររំលឹកថា គណៈកម្មការអឺរ៉ុបបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា ក្រោមហេតុផលរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ មានន័យថា កម្ពុជាត្រូវ បង់ពន្ធ លើ មុខទំនិញ ប្រមាណ ២០ ភាគរយពេល នាំ ចូលទៅ ទីផ្សារ អឺរ៉ុប ។ ដោយឡែកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកបានផុតសុពលកាលពីដំណាច់ឆ្នាំ២០២០ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថា សហរដ្ឋអាមេរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជាបន្តទៀតនោះទេ បើទោះបីមានការចរចា និងស្នើសុំពីភាគីកម្ពុជាក៏ដោយ៕