ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៩ ខែធ្នូ បានដាក់ទណ្ឌកម្មលើលោក គន់ គីម និងក្រុមគ្រួសារ ដោយចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយតាមរយៈការទទួលផលប្រយោជន៍ហិរញ្ញវត្ថុយ៉ាងច្រើនពីទំនាក់ទំនងរបស់គាត់ ជាមួយក្រុមហ៊ុនរដ្ឋចិន នៅខេត្តកោះកុង។
ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងសមាជិកគ្រួសារ ៣នាក់ផ្សេងទៀតរបស់លោក គន់ គីម និងក្រុមហ៊ុនចំនួន ៥ផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលទាំងនេះ ដោយផ្ទាល់ ឬដោយប្រយោល ផងដែរ។
កូនប្រុសរបស់លោក គន់ គីម គឺលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយតាមរយៈហ្វេសប៊ុកនៅថ្ងៃអង្គារ ទី១០ ខែធ្នូ យ៉ាងដូច្នេះថា “របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក គឺគ្មានមូលដ្ឋាន ហើយមានចរិតនយោបាយ ដើម្បីបរិហារកេរ្តិ៍មន្ត្រីកម្ពុជា។”
លោក គីម រិទ្ធី បានបន្តថា “ប្អូនៗរបស់ខ្ញុំ ធ្វើអាជីវកម្មដោយសុចរិតនិងស្របច្បាប់ ដោយគោរពយ៉ាងហ្មត់ចត់តាមច្បាប់របស់កម្ពុជា។ ក្រុមគ្រួសាររបស់យើងខ្ញុំ គោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះមាតុភូមិ និងប្រជាជនកម្ពុជា។”
លោក គីម រិទ្ធី បាននិយាយផងដែរថា ឪពុករបស់លោកបានលះបង់គ្រប់បែបយ៉ាង ក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការកសាងធនធានមនុស្ស និងស្ថាប័នរឹងមាំ ដោយការគោរពខ្ពស់បំផុត ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។
“របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក គឺគ្មានមូលដ្ឋាន ហើយមានចរិតនយោបាយ ដើម្បីបរិហារកេរ្តិ៍មន្ត្រីកម្ពុជា”
ជាមួយគ្នានេះដែរ អាមេរិកក៏បានដាក់ទណ្ឌកម្មលោកឧកញ៉ា ទ្រី ភាព ផងដែរ ពីបទចូលរួមដោយផ្ទាល់ឬដោយប្រយោលក្នុងអំពើពុករលួយ តាមរយៈការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ ដោយមានការឃុបឃិតគ្នាជាមួយមន្រ្តីកម្ពុជា។
ក្រុមហ៊ុនចំនួន ១១ ដែលចុះបញ្ជីក្រោមឈ្មោះឧកញ៉ា ទ្រី ភាព ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម ផងដែរ។
ក្រសួងការបរទេសកម្ពុជាបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះទណ្ឌកម្មទាំងនេះ ហើយបាននិយាយថា លោក គន់ គីម និងលោកឧកញ៉ា ទ្រី ភាព បានចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារនិងថែរក្សាសុខសន្តិភាពនិងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕