ទីភ្នាក់ងារព័ត៌មាន អាល្លឺម៉ង់ DW បានផ្សាយថា ស្ត្រីរកស៊ីផ្លូវភេទនិងម្ចាស់បនប្រហែល ៤០០នាក់ មកពីទូទាំងប្រទេសអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មនៅតំបន់ភ្លើងពណ៌នៅក្នុងទីក្រុង Hamburg កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ។
គួរបញ្ជាក់ថា របរពេស្យាចារនៅក្នុងប្រទេសអាល្លឺម៉ង់ គឺជារបរស្របច្បាប់ និងគ្រប់គ្រងដោយច្បាប់ ប៉ុន្តែ បនពេស្យានៅក្នុងប្រទេសនេះបានបិទទ្វារជិត ៤ខែហើយ ដោយសារតែការផ្ទុះឡើងនូវវីរុសឆ្លងរាតត្បាត កូវីដ១៩ ។
សមាគមស្ត្រីរកស៊ីផ្លូវភេទ ដែលជាអ្នករៀបចំបាតុកម្មនេះ បានព្រមានថា ការបិទបនពេស្យាដែលមានអាជ្ញាបណ្ណត្រឹមត្រូវ បានបង្ខំឲ្យស្ត្រីរកស៊ីផ្លូវភេទចេញធ្វើការនៅតាមដងផ្លូវ ដែលនាំឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ ទាំងសុខភាព និងទាំងសុវត្ថិភាពផ្ទាល់ខ្លួន ។
សមាគមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា "ស្ត្រីរកស៊ីផ្លូវភេទនាំគ្នាតវ៉ា និងស្នើឲ្យអ្នកនយោបាយបើកបនពេស្យាឡើងវិញ ។"
សមាគមដដែលលើកហេតុផលថា មុខរបរពេស្យានេះមិនបង្កហានិភ័យឆ្លងវីរុសកូវីដ១៩ ខ្ពស់ជាងសេវាកម្មទាក់ទងនឹងខ្លួនប្រាណដទៃទៀត ដូចជា ម៉ាស្សា ផាត់មុខមាត់ ការរាំរែក ។ល។ នោះទេ និងអះអាងថា ជានិច្ចកាល ការរក្សាអនាម័យ គឺជាផ្នែកសំខាន់បំផុតនៃមុខរបរនេះសម្រាប់ស្ត្រីរកស៊ីផ្លូវភេទ ។
គិតមកទល់នឹងថ្ងៃនេះ អាល្លឺម៉ង់មានករណីឆ្លងកូវីដ១៩ ចំនួន ជិត ២សែនករណី ក្នុងនោះករណីស្លាប់មាន ៩.០៧១នាក់ ។
នៅក្នុងប្រទេសអាល្លឺម៉ង់ទាំងមូល ស្ត្រីរកស៊ីផ្លូវភេទមានចំនួនប្រហែល ៤សែននាក់ ប៉ុន្តែ ទោះយ៉ាងណា នេះគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ ពោលគឺពុំមានតួលេខកត់ត្រាជាផ្លូវការឡើយ ។
សមាគមស្ត្រីរកស៊ីផ្លូវភេទនៅអាល្លឺម៉ង់ បាននិយាយថា ស្ត្រីរកស៊ីផ្លូវភេទនៅប្រទេសជិតខាង ដូចជា ប៊ែលហ្ស៊ិក ស្វ៊ីស ហុល្លង់ អូទ្រីស និងសាធារណរដ្ឋឆេក ត្រូវបានអនុញ្ញាតឲ្យត្រឡប់ចូលធ្វើការវិញ ចាប់តាំងពីដើមខែមិថុនា មកម្ល៉េះ ៕