ទីផ្សារសំខាន់ដែលតំបន់សេដ្ឋកិច្ចពិសេសទាំង១១នេះ បានធ្វើការនាំចេញ រួមមាន អាមេរិក អឺរ៉ុប អាហ្វ្រិក និងប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី។ ហើយកំណើននៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចទាំងនេះ ត្រូវបានតំណាងវិស័យឯកជន អះអាងថា ដោយសារមានការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុន ដែលសម្រួលដល់ការផលិតនិងការនាំចេញ។
ជុំវិញការនាំចេញនេះដែរ លោកឧកញ៉ា វ៉ាន់ ស៊ូ អៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា បានបញ្ជាក់ថា រោងចក្រភាគច្រើនបានងាកមកចាប់អារម្មណ៍វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារតែតំបន់សេដ្ឋកិច្ចពិសេស មានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធល្អ រួមមាន ផ្លូវ ទឹក អគ្គិសនី គ្រប់គ្រាន់សម្រាប់បម្រើដល់សង្វាក់ផលិតកម្ម។
ផលិតផលសំខាន់ៗដែលតំបន់សេដ្ឋកិច្ចពិសេសទាំង១១ បាននាំចេញ រួមមាន កង់ដែលមានទំហំទឹកប្រាក់សរុប ២៧៤លានដុល្លារ, សម្លៀកបំពាក់មានទំហំទឹកប្រាក់ ២៩៧លានដុល្លារ និងស្បែកជើងមានទំហំទឹកប្រាក់ ៥២លានដុល្លារ និងផលិតផលសំខាន់ៗផ្សេងៗទៀត។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងជាម្ចាស់គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge មានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺចាំបាច់ណាស់ ដើម្បីក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងតំបន់ សម្រាប់តភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកឧកញ៉ាបន្ថែមថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នឹងជួយជំរុញការពង្រីកការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់កាន់តែមានភាពមមាញឹក និងទាក់ទាញខ្លាំងបំផុតសម្រាប់ការវិនិយោគ។
ពិសេសជាងនេះទៅទៀត តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងវិនិយោគដែលបង្កើតឡើងសម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដែលជាទូទៅ រដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌលើកទឹកចិត្តផ្សេងៗ ដូចជា ការអនុគ្រោះពន្ធ ការបម្រើជូនសេវាច្រកចេញចូលតែមួយ ការសម្រួលបែបបទនាំចេញ នាំចូលទំនិញ ការសម្រួលបែបបទរដ្ឋបាលនានា និងលក្ខខណ្ឌផ្សេងៗទៀតជាច្រើន ដើម្បីជំរុញសកម្មភាពវិនិយោគ។
យោងតាមរបាយការណ៍ពីគណៈកម្មការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី ឌី ស៊ី បង្ហាញឲ្យឃើញថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០១៧នេះ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទំាង ៤៤តំបន់ មានតែតំបន់សេដ្ឋកិច្ចពិសេស ១៤ ប៉ុណ្ណោះ បាននិងកំពុងប្រតិបត្តិការអភិវឌ្ឍ និងមានសកម្មភាពអាជីវកម្មរបស់ខ្លួនសកម្មផុសផុល ដែលសរុបជាទឹកប្រាក់នៃការបោះទុនវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទំាង១៤ នេះ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារដល់ប្រជាជនចំនួនជាង ៨ម៉ឺននាក់៕