ទីក្រុងសៀងហៃបានបន្ធូរបន្ថយការរឹតបន្តឹងជាច្រើនកាលពីសប្តាហ៍មុន បន្ទាប់ពីបានបង្ខាំងប្រជាជនជាង ២៥ លាននាក់ឱ្យនៅផ្ទះចាប់តាំងពីខែមីនាមក ខណៈដែលប្រទេសចិនបានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ដ៏តឹងរ៉ឹងបំផុត បើធៀបនឹងរយៈពេល ២ ឆ្នាំមកនេះ។
ថ្វីបើទីក្រុងស៊ាងហៃបានបន្ធូរបន្ថយការរឹតបន្តឹងខ្លះមែន ប៉ុន្តែការបិទខ្ទប់មិនត្រូវបានដកចេញទាំងស្រុងនោះទេ ដោយមនុស្សរាប់ម៉ឺននាក់នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិន នៅតែដាក់កម្រិតឱ្យក្នុងនៅផ្ទះរបស់ពួកគេ។
តួយ៉ាង អាជ្ញាធរក្នុងតំបន់បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា សង្កាត់ Minhang ក្នុងទីក្រុងសៀងហៃ ដែលមានប្រជាជនជិត៣ លាននាក់នឹងត្រូវបានដាក់នៅក្រោមវិធានការបិទខ្ទប់ចាប់ពីពេលព្រឹកថ្ងៃសៅរ៍តទៅ ហើយអ្នកស្រុកទាំងអស់ក្នុងតំបន់នេះនឹងត្រូវធ្វើតេស្តកូវីដ១៩។ ក្នុងនោះ អាជ្ងាធរបានបន្ថែមថា ចំពោះពេលវេលានៃការបើកតំបន់នេះឡើងវិញ នៅមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នោះទេ គឺត្រូវរង់ចាំមើលលទ្ធផលតេស្ត បន្ទាប់ពីការយកសំណាករបស់ពលរដ្ឋទាំងអស់នៅក្នុងតំបន់ត្រូវបានបញ្ចប់សិន។
សេចក្តីប្រកាសរបស់អាជ្ញាធរបានបង្កើនការព្រួយបារម្ភដល់អ្នកស្រុកក្នុងសង្កាត់ Minhang ជាខ្លាំង ដោយភ័យខ្លាចថា ការបិទខ្ទប់អាចអូសបន្លាយរយៈពេលយូរ ប្រសិនបើរកឃើញករណីវិជ្ជមានកូវីដ ១៩។
គួររំឭកថា ការបិទខ្ទប់នៅក្នុងទីក្រុងស៊ាងហៃ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនសកលដ៏សំខាន់មួយ បានគម្រាមគំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិជាខ្លាំង នៅស្របពេលដែលកំពុងតែទទួលរងសម្ពាធស្រាប់ពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ទោះយ៉ាងណា ទីក្រុងស៊ាងហៃបានបន្ធូរបន្ថយគោលនយោបាយរឹតបន្តឹងរបស់ខ្លួនបន្តិចម្តងៗនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈមានមនុស្សត្រឡប់ទៅធ្វើការនៅក្នុងការិយាល័យវិញ ហើយបើកឲ្យប្រជាជនប្រើប្រាស់សេវាសាធារណៈបាន ដូចជា ជិះរទភ្លើងក្រោមដី និង ប្រើប្រាស់រថយន្តក្រុងសាធារណៈជាដើម។
ក៏ប៉ុន្តែ ប្រជាជនក្នុងតំបន់មួយចំនួនទៀតកំពុងតែមានភាពមិនពេញចិត្តក្រោមការបន្តរឹតត្បិតរបស់អាជ្ញាធរក្នុងទីក្រុងស៊ាងហៃនោះទេ ដោយអ្នកស្រុកនៅក្នុងទីប្រជុំជនតំបន់ Xuhui បានចេញតវ៉ាប្រឆាំងនឹងការដាក់បម្រាមថ្មីក្នុងសប្តាហ៍នេះផងដែរ៕