ការកើនឡើងប្រាក់ចំណេញក្រោយការទូទាត់ និងបង់ពន្ធនេះ ត្រូវបានថ្នាក់ដឹកនាំកំពង់ផែនេះអះអាងថា គឺដោយសារបរិមាណទូកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី៣ឆ្នាំនេះ។
របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) បានបង្ហាញថា នៅត្រីមាសទី៣ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបប្រមាណជាង ២៣លានដុល្លារ កើនឡើងប្រមាណជាង២លាន៣សែនដុល្លារ ឬជាង១១% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំា២០២២។
កំណើនប្រាក់ចំណូលនេះ គឺដោយសារការកើនឡើងនៃចំណូលសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលាន ចំណូលលើកដាក់ទីលាន ចំណូលពីសេវាកម្មនាវាចរ និងចំណូលស្តុក ឃ្លាំង និងទីលាន។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែស្វយ័តព្រះសីហនុ រកបានប្រាក់ចំណេញសុទ្ធជាង៥លាន៣សែនដុល្លារកើនឡើងជាង៤០ម៉ឺនដុល្លារ ស្មើនឹងជិត៩% បើធៀបនឹងត្រីមាសទី៣កាលពីឆ្នាំមុន។
បើតាមឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កត្តាដែលធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែនេះមានការកើនឡើង គឺដោយសារតែបរិមាណកុងតឺន័រ និងទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនឡើង តួយ៉ាងនៅក្នុងត្រីមាសទី៣ឆ្នាំនេះ កុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង២០ម៉ឺន TEUs មានការកើនឡើងជាង១ម៉ឺន៦ពាន់ TEUs ឬស្មើនឹងជាង៩% បើធៀបនឹងត្រីមាសទី៣ កាលពីឆ្នាំ២០២២។
ឯកឧត្តម លូ គឹមឈន់ បានបញ្ជាក់ដែរថា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ ជាក់ស្តែងដូចជាការកែសម្រួលផែច្រាំងថ្មី ដើម្បីក្លាយជាចំណតកុងតឺន័រមួយបន្ថែមទៀត។
ជាពិសេសបាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងមានជម្រៅទឹក១៤,៥ ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតឺន័រធុនធំក្នុងតំបន់អាចចូលចតនៅកំពង់ផែនេះបាន ដែលនឹងធ្វើឱ្យឧបសគ្គអំពីជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ និងធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ មានតម្លៃប្រហាក់ប្រហែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលជាការរួមចំណែកដល់ការជួយសម្រួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។
សូមជម្រាបថា គិតត្រឹម៩ខែដើមឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណូលជាង៦៤លានដុល្លារ ថយចុះជាង៥២ម៉ឺនដុល្លារ ឬស្មើនឹងជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណេញសុទ្ធជាង២៨លានដុល្លារ កើនឡើងជិត៤លាន៧សែនដុល្លារ ឬស្មើនឹងជាង២០% បើធៀបនឹងឆ្នាំមុន៕