
អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានធ្វើការស្ទង់មតិទៅលើ ការវាយតម្លៃអំពីសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ដោយលទ្ធផលទទួលបានពីសេដ្ឋកិច្ចវិទូ និងអ្នកវិភាគជិត ៣០នាក់ គឺមិនបង្ហាញពីសញ្ញាវិជ្ជមាននោះឡើយ។
ទោះយ៉ាងណា អ្នកឃ្លាំមើលសេដ្ឋកិច្ចក្នុងស្រុកសិង្ហបុរី បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចសិង្ហបុរី នៅក្នុងត្រីមាសទី៣ អាចនឹងធ្លាក់ចុះ ៧% ប្រសើរជាងត្រីមាសទី ២ ដែលបានធ្លាក់ចុះដល់ទៅ ១៣%។
ចំពោះ វិស័យដែលធ្វើបានល្អជាងគេ អំឡុងពេលនេះ រួមមាន វិស័យឧស្សាហកម្មផលិត និងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ដែលអាចរក្សាបាននូវកំណើនស្តួចស្តើង។
រីឯ វិស័យលក់ដុំ និងរាយ វិស័យសំណង់ និងវិស័យបដិសណ្ឋាកិច្ច សុទ្ធតែបន្តរងគ្រោះដោយសារតែមេរោគកូវីដ-១៩ ហើយអាចនឹងធ្លាក់ចុះខ្លាំង នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ។
វិបត្តិមេរោគកូវីដ១៩ ត្រូវបានគេចាត់ទុកជា បញ្ហាធំជាងគេ ដែលបានធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរី ធ្លាក់ចុះ ហើយក្រៅពីនោះ គឺមាន ជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន ហើយនឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល យឺតជាងការរំពឹងទុក។
ជាចុងក្រោយ សេដ្ឋកិច្ចវិទូទាំងអស់នេះ រំពឹងថា សេដ្ឋកិច្ចសិង្ហបុរី នឹងងើបឡើងវិញនៅក្នុងឆ្នាំ ២០២១ខាងមុខ ដោយមានកំណើន ៥% ល្អជាងការព្យាករពីពេលមុនទៅវិញ៕