លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ព្រមានរួចហើយថា ឥទ្ធិពលនៃវីរុសកូរ៉ូណា ឬហៅថា Covid 19 នេះ នឹងផ្តល់ផលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិរហូតដល់ទៅ ១ឆមាសពេញ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ថា ការព្យាករពីកំណើនសេដ្ឋកិច្ចជាតិ កាលពីលើកមុន គឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចសកល ដែលមានទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមក ក៏ប៉ុន្តែវីរុសថ្មីនេះ បានធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចចិន និងបណ្តាប្រទេសមួយចំនួនទៀត ដែលជះឥទ្ធិពលអវិជ្ជមានដល់ កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល។
វិធានការទប់ស្កាត់ការរីករាលដាលនៃ វីរុស Covid 19 របស់រដ្ឋាភិបាលចិន មានផលអវិជ្ជមានដល់ សេដ្ឋកិច្ចក្នុងតំបន់ ដូចជា ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិន ធ្លាក់ចុះខ្លាំង តម្រូវការនាំចូលទំនិញមកកាន់ប្រទេសចិន ក៏ថយចុះ ហើយខ្សែចង្វាក់ផ្គត់ផ្គង់ ក៏ត្រូវបានកាត់ផ្តាច់។
ដូច្នេះហើយ សេដ្ឋកិច្ចសិង្ហបុរី ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន គឺមានការប៉ះពាល់ជាច្រើនបណ្តាញ ដូចជា វិស័យផលិតសម្រាប់ការនាំចេញ បាត់បង់ចំណែកទីផ្សារដ៏ធំ ដោយសារតែ តម្រូវការប្រើប្រាស់របស់ចិន ចុះអន់ខ្សោយ។
លើសពីនេះទៅទៀត វិស័យទេសចរណ៍របស់សិង្ហបុរី ក៏ដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ដោយសារតែបាត់បង់ ភ្ញៀវទេសចរចិន ដែលជាចំណែកដ៏ធំមួយ របស់ចំនួនភ្ញៀវទេសចរសរុប ដែលមកកម្សាន្តនៅប្រទេសសិង្ហបុរី។
ក្រៅពីនេះ ប្រជាជនសិង្ហបុរី ខ្លួនឯងផ្ទាល់ ក៏កាត់បន្ថយការចំណាយប្រើប្រាស់ប្រចាំថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់ ការលក់ដុំ និងលក់រាយ និងវិស័យម្ហូបអាហារថែមទៀតផង។
គួរជម្រាបដែរថា គិតត្រឹមថ្ងៃ ១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ករណីឆ្លងមេរោគកូរ៉ូណា នៅក្នុងប្រទេសសិង្ហបុរី កើតមានចំនួន ៧៥ករណីហើយ ហើយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នឹងបន្តឃ្លាំមើលយ៉ាងដិតដល់បំផុតសម្រាប់បញ្ហាការរីករាលដាលនៃមេរោគនេះ និងផលប៉ះពាល់ទៅលើសេដ្ឋកិច្ច៕