ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានព្យាករថា GDP របស់សិង្ហបុរី អាចនឹងធ្លាក់ចុះបន្ថែមទៀត ចន្លោះពីដក ៤% ដល់ ដក ១% សម្រាប់ឆ្នាំ២០២០នេះ ដោយសារតែមេរោគកូវីដ១៩ ផ្ទុះឡើង និងកាន់តែរីករាលដាល ធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចទាំងក្នុងស្រុក និងក្រៅប្រទេស។
ការព្យាករបែបនេះ គឺអាស្រ័យទៅលើភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោក គួបផ្សំនឹងការរីករាលដាលនៃមេរោគដែលមិនអាចប៉ាន់ប្រមាណបាន រាប់បញ្ចូលទាំងវិធានការលើវិស័យសុខាភិបាល នៅតាមបណ្តាប្រទេសនីមួយៗ ដែលសុទ្ធសឹងតែអាចជះឥទ្ធិពលមកលើសេដ្ឋកិច្ចសិង្ហបុរី។
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមានរួចហើយថា សេដ្ឋកិច្ចសិង្ហបុរីនឹងជួបប្រទះនូវព្យុះដ៏ធំ ដែលលោកបានធានាទៅកាន់ក្រុមហ៊ុនទាំងអស់ហើយថា រដ្ឋាភិបាលសិង្ហបុរីនឹងជួយឲ្យពួកគេអណ្តែតឡើងនៅលើព្យុះនោះបាន។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បន្ថែមថា មេរោគកូវីដ១៩ កាន់តែរីករាលដាល ដូច្នេះ អាជ្ញាធរ ចាប់ផ្តើមរឹតបន្តឹងតាមព្រំដែន ដើម្បីបញ្ចៀសករណីឆ្លងនាំចូលពីក្រៅប្រទេស ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងដឹកជញ្ជូនតាមផ្លូវអាកាស។
រីឯ វិធានការក្នុងស្រុកវិញ អាជ្ញាធរបានកំណត់មិនឲ្យមានការជួបជុំនៅក្រៅសាលា ឬកន្លែងការងារលើសពី ១០នាក់នោះឡើយ ហើយអាជ្ញាធរក៏បានបិទកន្លែងកម្សាន្តនានា ដូចជា ក្លឹប និងរោងកុនជាដើម ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន ជាពិសេស ពាណិជ្ជករលក់ទំនិញរាយ និងសេវាកម្មម្ហូបអាហារ។
លើសពីនេះទៅទៀត វិធានការរបស់បណ្តាប្រទេសនានា ដូចជា ការបិទច្រកព្រំដែន រឹតបន្តឹងលើការចេញចូលរបស់អ្នកដំណើរ បានធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស មិនអាចឆ្លងកាត់បាន បុគ្គលិក កម្មករបរទេស មិនអាចត្រលប់មកធ្វើការនៅក្នុង ប្រទេសសិង្ហបុរីវិញបាន បណ្តាលឲ្យវិស័យសំណង់មានការធ្លាក់ចុះប្រមាណ ៤,៣% ផងដែរ នៅក្នុងត្រីមាសទី១នេះ។
ជាចុងក្រោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បញ្ជាក់ថា មេរោគកូវីដ១៩ នៅតែបន្តសាយភាយទូទាំងសកលលោក ដូច្នេះហើយ វានៅតែមានភាពស្រពិចស្រពិលថា តើវីរុសនេះជះឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរកម្រិតណា និងអូសបន្លាយយូរ ដល់ពេលណា ហើយគន្លងនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល កំពុងស្ថិតក្រោមការរាំងខ្ទប់ដោយមេរោគកូវីដ១៩៕