ចំនួនមហាសេដ្ឋីមានប្រាក់រយលានដុល្លារអាមេរិកនៅទីក្រុងហុងកុងបានធ្លាក់ចុះ ២៧% មកនៅត្រឹមប្រមាណជិត១៣ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលនៅសិង្ហបុរីវិញមានការកើនឡើងចំនួនមហាសេដ្ឋីប្រាក់រយលានដុល្លារដល់ទៅ ៤០% ពោលគឺមានដល់ទៅជាង២៤ម៉ឺននាក់ឯណោះ។ នេះបើយោងតាមទិន្នន័យដែលផ្សាយចេញដោយក្រុមហ៊ុន Henley & Partners។
ទីក្រុងហុងកុងឥឡូវនេះ នៅបានឈរនៅលំដាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីឈ្មោះទីក្រុងដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក ខណៈដែលសិង្ហបុរីវិញ គឺឈរលំដាប់ចំណាត់ទី៥។ ដោយឡែក បើតាមរបាយការណ៍របស់ក្រុមហ៊ុនទ្រព្យ New World Wealth កាលពីឆ្នាំ២០១២បានបង្ហាញថា ហុងកុងធ្លាប់ឈរក្នុងលំដាប់ចំណាត់ថ្នាក់ទី៤ មុនធ្លាក់មកនៅចំណាត់ថ្នាក់ដូចពេលនេះ ។
ហេតុអ្វីហុងកុងបន្ដធ្លាក់ចំណាត់ថ្នាក់ពីបញ្ជីឈ្មោះទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនជាងគេក្នុងពិភពលោកយ៉ាងដូច្នេះ?
ការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិន ទៅលើទីក្រុងហុងកុង បានជំរុញឲ្យមានលំហូរចេញនៃទ្រព្យសម្បត្តិ និងការសាយកាន់តែច្រើននៃការបើកការិយាល័យគ្រួសារនៅតាមបណ្ដាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗទៀតក្រៅពីទីក្រុងហុងកុង ដ្បិតថា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំងនេះ ប្រើប្រាស់ការិយាល័យនេះ ដើម្បីគ្រប់គ្រង និងចាត់ចែងលុយកាក់ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្រៅស្រុក។
យ៉ាងណាមិញ ស្របពេលដែល ចំនួនក្រុមហ៊ុនវិនិយោគបែបនេះសម្រាប់មហាសេដ្ឋីបានកើនឡើងទ្វេដងនៅក្នុងប្រទេសសិង្ហបុរី ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០នោះ ទីក្រុងហុងកុងឯណោះវិញ ក៏បាននិងកំពុងប្រើវិធីសាស្ត្រ ដើម្បីប្រមូលកៀគរយកមូលធនទាំងនោះត្រឡប់ទៅវិញ តាមរយៈការដាក់ចេញនូវសម្បទានពន្ធមួយចំនួនកាលពីខែមុននេះ។
សូមបញ្ជាក់ថា បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន Henley & Partners ទីក្រុងដែលជាប់លំដាប់លេខមួយ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុតក្នុងពិភពលោកនោះ គឺទីក្រុង ញូវយ៉ក របស់សហរដ្ឋអាមេរិក ចំណាត់ថ្នាក់ទី២ គឺបានទៅលើទីក្រុងតូក្យូរបស់ជប៉ុន, និងទីក្រុង The Bay Area នៅសហរដ្ឋអាមេរិកជាប់លេខ៣។ រីឯចំណាត់ថ្នាក់ទី ៤ គឺទីក្រុងឡុងរបស់អង់គ្លេស, ទី៥ គឺសិង្ហបុរី, ទី៦ ទីក្រុង Los Angeles និងទី៧ គឺទីក្រុងហុងកុង៕