នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានគូសបញ្ជាក់ថា នេះជាបញ្ហាប្រឈមដ៏ធំបំផុត ដែលពួកគេមិនដែលបានជួបប្រទះពីមុនមក ក្នុងនោះយន្តហោះទំនើប SIA និង SilkAir ចំនួន ១៣៨គ្រឿង ក្នុងចំណោមយន្តហោះសរុប ១៤៧គ្រឿង នឹងត្រូវដាក់សំចតចោល។
ទោះយ៉ាងណា ក្រុមហ៊ុន នៅមិនទាន់ប្រាកដថា ពេលណាអាចចាប់ផ្តើមដំណើរការជាធម្មតា វិញនោះទេ រហូតដល់ពេលការរឹតបន្តឹងព្រំដែនត្រូវបានលើកលែង។
ការបាត់បង់តម្រូវការហោះហើរ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ហើយពួកគេកំពុងព្យាយាមជជែកពិភាក្សាជាមួយ ស្ថាប័នហិរញ្ញវត្ថុជាច្រើន អំពី តម្រូវការថវិកានាពេលអនាគត ហើយត្រូវជជែកជាមួយ រោងចក្រផលិតយន្តហោះ ដើម្បីពន្យារពេលបង់ប្រាក់ និងទទួលយន្តហោះថ្មី។
ទោះយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល ត្រូវបានកាត់បន្ថយរួចទៅហើយ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ក្នុងនោះ លោក ហ្គូ ឈុន ហ្វុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានកាត់បន្ថយប្រាក់ចំណូល ១៥% របស់ខ្លួន ហើយលោកគូសបញ្ជាក់ថា វាជាពេលវេលាដ៏ពិបាកបំផុតសម្រាប់ក្រុមហ៊ុន តែយ៉ាងណា ពួកគេនឹងព្យាយាមដឹក អ្នកដំណើរឲ្យត្រលប់មកផ្ទះវិញ ដោយមានសុវត្ថិភាពបំផុត និងការពារបុគ្គលិក មិនឲ្យបាត់បង់ការងារនោះទេ។
សូមរម្លឹកថា ប្រទេសសិង្ហបុរី បានចាប់ផ្តើមហាមឃាត់ អ្នកដំណើររយៈពេលខ្លី ដែលត្រូវឆ្លងកាត់ ឬផ្លាស់ប្តូរជើងហោះហើរ មិនឲ្យចូលមកប្រទេសរបស់ខ្លួនទៀតឡើយ ដោយសារតែ សិង្ហបុរី ទទួលបានករណីឆ្លងមេរោគកូវីដ១៩ នាំចូលមកពីក្រៅប្រទេសច្រើននឹកស្មានមិនដល់ ដែលអាចបង្កជា ហានិភ័យខ្ពស់ ដល់ប្រជាជនសិង្ហបុរី៕