ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បាននិយាយថា ប្រាក់លើកទឹកចិត្តនេះ នឹងជួយពង្រឹងទំនុកចិត្តពលរដ្ឋ ដែលកំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ និងបារម្ភពីបញ្ហាការងាររបស់ពួកគេ ដែលបញ្ហានេះ បានឲ្យពួកគេលែងខ្វាយខ្វល់ពីផែនការរឿងយកកូនតទៅទៀត។
លោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បាននិយាយថា «យើងបានទទួលប្រតិកម្មថា បញ្ហាកូវីដ-១៩ បានបណ្ដាលឲ្យឪពុកម្ដាយ ពន្យារគម្រោងយកកូនរបស់ពួកគេ»។ លោកបន្ថែមថា «នេះគឺអាចយល់បានច្បាស់ហើយ ជាពិសេសនៅពេលពួកគេប្រឈមនឹងបញ្ហានៃភាពមិនច្បាស់លាស់នៃចំណូលរបស់ពួកគេ»។
លោក Heng បានគូសបញ្ជាក់ថា ការឧបត្ថម្ភពីរដ្ឋ នឹងជួយឲ្យសម្រួលដល់ការចំណាយរបស់ឪពុកម្ដាយ ប៉ុន្ដែ លោកមិនបានបញ្ជាក់ថា ការឧបត្ថម្ភនោះ មានចំនួនប៉ុន្មាននោះទេ។
បើទោះបីជាមានការឆ្លើយតបបានជោគជ័យទៅនឹងបញ្ហាមេរោគរាតត្បាតក៏ពិតមែន ប៉ុន្ដែសេដ្ឋកិច្ចរបស់សិង្ហបុរី បាននិងកំពុងធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងជ្រៅ។
ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីទំនងជាងដាំក្បាលចុះ ដល់ទៅ ១២,៦% នៅត្រីមាសទី២ នៃឆ្នាំនេះ ធៀបនឹងត្រីមាសទី២ កាលពីឆ្នាំមុន ដែលវាត្រូវបានអ្នកជំនាញលើកឡើងថា គឺជាធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន។
ប្រទេសសិង្ហបុរី គឺជាប្រទេសមានមួយ ក្នុងចំណោមប្រទេសមានអត្រាកំណើនប្រជាជនទាបបំផុតក្នុងពិភពលោក។ យោងតាមស្ថិតិជាតិ បានឲ្យដឹងថា អត្រានៃការមានកូននាពេលបច្ចុប្បន្ន គឺ ១,១៤ សម្រាប់ស្ត្រីម្នាក់។
សម្រាប់ប្រទេសជាធម្មតា គឺស្ត្រីត្រូវមានកូន ២,១ នាក់ ជាមធ្យម បើទោះបីជា ប្រទេសអភិវឌ្ឍន៍ភាគច្រើន ស្ថិតនៅក្រោមកម្រិតនេះក៏ដោយ តែការថយចុះនៃសមាមាត្រនៃគូស្វាមីភរិយា និងសារសំខាន់តិចតួច នៃតួនាទីយេនឌ័រ បែបប្រពៃណី ឃើញថា ធ្វើឲ្យអត្រានៃការមានកូនបានធ្លាក់ចុះនៅទូទាំងពិភពលោក។
បើតាមរបាយការណ៍របស់រដ្ឋាភិបាល នៅឆ្នាំ២០១១ បានឲ្យដឹងថា ប្រទេសសិង្ហបុរី ក៏ដូចជាប្រទេសអភិវឌ្ឍន៍ជាច្រើនទៀតដែរ គឺមានបញ្ហាប្រឈមនឹងចំនួនប្រជាជន គឺអត្រានៃលទ្ធភាពមានកូនរបស់ពួកគេមានការថយចុះ និងប្រជាជនមានវ័យចំណាស់។
សិង្ហបុរី ដែលជាប្រជាជាតិមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះចំនួនប្រជាជនសរុប ០,៣% មកនៅត្រឹមចំនួនប្រមាណជិត ៥,៧លាននាក់ប៉ុណ្ណោះ គិតត្រឹមខែមិថុនាឆ្នាំ២០២០នេះ ធៀបនឹងឆ្នាំមុន ដោយសារតែមានការកាត់បន្ថយការងារជនបរទេសនៅក្នុងវិស័យសេវាកម្ម។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលប្រទេសនេះ៕