ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងជាគោលការណ៍នឹងកែប្រែច្បាប់ពាណិជ្ជកម្មហួសសម័យ និងបើកឱកាសនៅក្នុងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុកជាប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យឌីជីថល។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស បានឱ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងគេដែលមិនធ្លាប់បានចុះហត្ថលេខាដោយប្រជាជាតិអឺរ៉ុប។ កិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយឧបសគ្គដល់អាជីវកម្ម កាត់បន្ថយការចំណាយ និងគាំទ្រការងារដែលមានប្រាក់ខែល្អនៅទូទាំងចក្រភពអង់គ្លេស ។
សូមរំឭកថា កាលពីខែមុន ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បាននិយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយសិង្ហបុរីនឹងបង្ហាញពីសក្តានុពលសម្រាប់ច្បាប់ពាណិជ្ជកម្មឌីជីថលដល់ប្រទេសដទៃទៀត នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ សូមជម្រាបថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មអង់គ្លេស-សិង្ហបុរីមានតម្លៃ ២១ ពាន់លានដុល្លារ ។
បន្ទាប់ពីយល់ព្រមចុះហត្ថលេខាជាមួយសិង្ហបុរី ពេលនេះប្រធានគោលនយោបាយសាជីវកម្មទីក្រុងឡុង ក៏បានបញ្ជាក់ដែរថា អង់គ្លេសកំពុងទន្ទឹងរង់ចាំមើលកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ដែលនឹងប្រកាសនៅឆ្នាំ ២០២២ ជាមួយមិត្ត និងដៃគូរបស់អង់គ្លេសនៅទូទាំងពិភពលោកផងដែរ៕