បច្ចុប្បន្ន វ៉ាក់សាំងប្រភេទថ្មីរបស់ Sinovacនេះ កំពុងស្នើសុំទៅអាជ្ញាធរចិនដើម្បីធ្វើតេស្ដសាកល្បងនៅក្នុងពេលខាងមុខនេះហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិនជាភាសាអង់គ្លេស Global Times។
នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Corp លោក ហ្គោ ឆេង (Gao Qiang) បានប្រាប់ Global Times ថា យ៉ាងយូរក្នុងត្រីមាសទី៣ឆ្នាំនេះ ក្រុមហ៊ុនគ្រោងនឹងនាំយកទិន្នន័យរបស់វ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងស្នើសុំអាជ្ញាធរ ដើម្បីអាចធ្វើតេស្តសាកល្បង ខណៈដែលវ៉ាក់សាំងប្រភេទថ្មីនេះ នឹងមានប្រសិទ្ធភាពជាងមុនក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មីឌែលតា។
នាយកគ្រប់គ្រងទូទៅរូបនេះ បានអះអាងថា មុននឹងបញ្ជូនទិន្នន័យទៅឲ្យអាជ្ញាធរដើម្បីធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ក្រុមហ៊ុន Sinovac បានបញ្ចប់ការសិក្សាស្រាវជ្រាវលើមេរោគកូវីដ១៩បំប្លែងខ្លួនឌែលតា និង ហ្គាម៉ារួចហើយ ដោយជាលទ្ធផល វាទំនងជាត្រូវការ ចាក់វ៉ាក់សាំងថ្មីចំនួន ២ទៅ៣ដូស ដើម្បីបង្កើនភាពស៊ាំនឹងមេរោគប្រភេទទាំងនេះបាន។
យ៉ាងណាមិញ ក្រុមហ៊ុននៅមិនទាន់អាចកំណត់បានទេថា វ៉ាក់សាំងដែលផ្តោតលើការទប់ទល់នឹងកូវីដ១៩ឌែលតានេះ នឹងត្រូវបញ្ចេញឲ្យប្រើប្រាស់នៅពេលណាមួយនោះ ដោយគេគ្រាន់តែអាចប៉ាន់ស្មានបានថា ការសិក្សានិងធ្វើតេស្តក្នុងមន្ទីរពិសោធន៍អាចត្រូវចំណាយពេលដល់ទៅ ៦ខែ មុននឹងអាចទទួលបានលទ្ធផល។
សូមជម្រាបថា កន្លងមកក្រុមហ៊ុន Sinovac ធ្លាប់បានអះអាងថា ជាមួយនឹងការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដែលគេកំពុងមានបច្ចុប្បន្ន ចំនួនពីរដូសអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយកូវីដ១៩ឌែលតា។ នេះបើតាមការសង្កេតលើពលរដ្ឋចិន ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅក្នុងខេត្តក្វាងទុងភាគខាងត្បូង និងនៅក្រុងណានជីងនៃខេត្តជាំងស៊ូ ជាកន្លែងដែលគេបានរកឃើញកូវីដ១៩ឌែលតាដំបូងក្នុងប្រទេសចិនកាលពីខែកក្កដា៕