វ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនចិន Sinovac Biotech នឹងបង្កើនការផលិតវ៉ាក់សាំងកូវីដ-១៩ ទ្វេដង ក្រោយពីទទួលបានការវិនិយោគបន្ថែមជាង៥០០លានដុល្លារ


ដោយរំពឹងទទួលបានការអនុម័តដោយអាជ្ញាធរចិន​នៅពីក្រោយ ចំពោះការធ្វើតេស្ដប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩របស់ខ្លួន​នៅដំណាក់កាលចុងក្រោយ ថ្មីៗនេះក្រុមហ៊ុនចិន Sinovac Biotech របស់ចិន បានទទួលយក​ការវិនិយោគបន្ថែមជាង ៥០០ លានដុល្លារទៀត ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនទ្វេដង ក្នុងគោលដៅក្លាយជាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ នាំមុខគេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Forbes។
ក្រុមហ៊ុនចិន Sinovac Biotech នឹងបង្កើនការផលិតវ៉ាក់សាំងកូវីដ-១៩ ទ្វេដង ក្រោយពីទទួលបានការវិនិយោគបន្ថែមជាង៥០០លានដុល្លារ (រូបភាព៖ Bloomberg)
ដោយ

ក្រុមហ៊ុន Sino Biopharmaceutical ដែលបាន​ចុះបញ្ជីផ្សារភាគហ៊ុន​នៅទីក្រុង​ហុងកុង បាន​វិនិយោគ ៥១៥ លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន​ Sinovac ដើម្បី​ទទួលបាន​ចំណែក​កាន់កាប់​ភាគហ៊ុន​១៥% នៃក្រុមហ៊ុននេះ នៅក្នុង​នៃ​ការ​ការផលិត​វ៉ាក់សាំង CoronaVac។

ការវិនិយោគនេះ នឹង​ជួយឲ្យ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​របស់ចិន​មួយនេះ អាច​នឹង​បង្កើន​ផលិតកម្ម​ ដែលសង្ឃឹមថា នឹង​កើនឡើង​ទ្វេដង​ដល់​ទៅ ៦០០ លានដូស ក្នុងមួយឆ្នាំ ដែលអាច​ចាក់ជូន​មនុស្ស​ចំនួន ៣០០លាននាក់ នៅពេល​ដែល ​រោងចក្រ​ផលិតកម្មទី២​របស់ខ្លួន​ត្រូវបាន​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២០នេះ។

បន្ថែមពីលើ​ការផ្ដល់​នូវមូលនិធិ​ជាដើមទុនសម្រាប់​ការផលិត​វ៉ាក់សាំង CoronaVacនេះ លោក Weidong Yin នាយកប្រតិបត្តិ​ក្រុមហ៊ុន​Sinovac Biotech បាន​និយាយថា ភាពជាដៃគូនេះ នឹង​ជួយឲ្យ​ក្រុមហ៊ុន​ Sinovac បង្កើន​សមត្ថភាព​លក់​វ៉ាក់សាំង, ពង្រីកទីផ្សារ​នៅអាស៊ី, អភិវឌ្ឍ និង​ទទួលបាន​បច្ចេកវិទ្យា​ថ្មីៗ ហើយអ្វីដែលសំខាន់នោះ គឺ​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​ជាសកលនេះ។

វ៉ាក់សាំង​ CoronaVac គឺជា​វ៉ាក់សាំងកូវីដ-១៩ មួយ​ក្នុងចំណោម​វ៉ាក់សាំង​ដែល​នាំមុខ​ដោយក្ដីសង្ឃឹម​សម្រាប់សុវត្ថិភាព និងប្រសិទ្ធភាព​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​នៃ​ប្រទេសចិន។ វ៉ាក់សាំងនេះ គឺ​​ស័ក្ដិសម​សម្រាប់​ប្រទេស​មិនសូវ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង អាច​ទិញ​យកទៅ​ប្រើប្រាស់​ ដោយវា​មិនសូវ​ចាំបាច់​ត្រូវការ​ការស្តុកទុក​ក្នុង​ទូរត្រជាក់ខ្លាំង​ ដូចដែល​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Pfizer និង Moderna នោះទេ។ ដូច្នេះ វា​ងាយស្រួល​សម្រាប់​ប្រទេស​ស្ថិត​ក្នុង​តំបន់​ក្រីក្រ​យកទៅ​ប្រើប្រាស់។

វ៉ាក់សាំង CoronaVac តាមទិន្នន័យ​ដែលបាន​តេស្ដ​ប្រសិទ្ធភាព​នៅគ្រាដំបូង គឺទទួលបាន​ជោគជ័យ​រួចហើយ បើទោះបីជា​ការតេស្ដ​ប្រសិទ្ធភាព​នៅដំណាកកាលទីបី ដែលជាដំណាក់កាលធំនោះ មិនទាន់​ត្រូវបាន​ធ្វើឡើង​ក៏ដោយចុះ តែ​វា​ក៏​បាន​ផ្ដល់ជូន​ដល់​ប្រទេស​មួយចំនួនរួចហើយ ហើយប្រទេស​ទាំងនោះ ក៏​ចាំមើល​លទ្ធផល​តេស្ដ​សាកល្បង​ដំណាក់ទី៣ ដើម្បី​អាច​ចាក់ជូន​ជាផ្លូវការ​ដល់​ប្រជាជន​របស់ខ្លួន ដូចជា​ ប្រទេស​ប្រស៊ីល ឥណ្ឌូនេស៊ី តូគី និង​ឈីលី ជាដើម។

ក្រោយពី បាន​ធ្វើតេស្ដលើក​ទី២ ក្រុមហ៊ុន Sinavac ធ្លាប់បាន​បញ្ជាក់ថា តាមទិន្នន័យ​ជាបណ្ដោះអាសន្ន​បង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាព​ការពារ​កូវីដ-១៩ ដល់ទៅ ៩៧%។

បើតាម​អង្គការ​សុខភាពពិភពលោក បាន​ឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ ស្ថាប័នក៏ដូចជា​ក្រុមហ៊ុន​ដែល​ចូលរួម​ធ្វើតេស្ដ​ប្រសិទ្ធភាព​វ៉ាក់សាំងកូវីដ-១៩ មាន​ដល់ទៅជាង ៥០ ក្រុមហ៊ុន និងស្ថាប័នហើយ។

ក្នុងនោះដែរ គេមើលឃើញថា វ៉ាក់សាំង​ដែល​លេចធ្លោ និងទទួលបាន​ជោគជ័យ​ខ្លាំងជាងគេ​មានដូចជា វ៉ាក់សាំង​​របស់ក្រុមហ៊ុន​អាមេរិក និងដៃគូអាល្លឺម៉ង់ Pfizer BioNTech ដែលទិន្នន័យ​បណ្ដោះអាសន្ន​បង្ហាញថា មាន​ប្រសិទ្ធភាពការពារ​កូវីដ-១៩ ដល់ទៅ ៩៥% តែវ៉ាក់សាំងនេះ ត្រូវការ​រក្សាទុក​ក្នុងទូរបង្កកត្រជាក់​ដល់ទៅ -៧០អង្សារសេ។​បច្ចុប្បន្ន វ៉ាក់សាំងនេះ ត្រូវបាន​ចក្រភពអង់គ្លេស​ទិញ​យកទៅចាក់ជូន​ប្រជាជន​របស់ខ្លួន​ជាផ្លូវការ​រួចហើយ។ បន្ទាប់មក គឺ​វ៉ាក់សាំងរបស់​ក្រុមហ៊ុន Moderna ដែលក្នុង​ដំណាក់កាល​បណ្ដោះអាសន្ននេះ បង្ហាញថា មាន​ប្រសិទ្ធភាព​ដល់ទៅ ៩៥% ត្រូវរក្សាទុក​ក្នុងសីតណ្ហភាព​ -២០ អង្សារសេ និងរក្សាទុកបាន​រយៈពេល ៦ខែ។ ដោយឡែក វ៉ាក់សាំង​របស់​ក្រុមហ៊ុន​រុស្ស៊ី Gamaleya (Sputnik V) មានប្រសិទ្ធភាព ៩២% ក្នុងដំណាក់កាល​បណ្ដោះអាសន្ននេះ អាច​រក្សាទុកបាន​ក្នុង​សីតណ្ហភាព​ត្រជាក់ ក្នុង​ទូទឹកកក​ធម្មតាបាន។ រីឯ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយទៀត គឺ Oxford Uni-Astra Zeneca ដែលក្នុង​ការរាយការណ៍​បឋមនេះ គឺមាន​ប្រសិទ្ធភាព​ចន្លោះពី ៦២% ដល់ ៩០% និងអាច​រក្សាទុកបាន​នៅក្នុង​សីតណ្ហភាព​ត្រជាក់​ក្នុងទូទឹកកក​ធម្មតា។

សូមបញ្ជាក់ថា មានប្រទេស​ជាច្រើន​បាននិងកំពុង​ប្រញាប់​ប្រញាល់​ក្នុងការ​ស្វែងរក​ទិញវ៉ាក់សាំង​ដើម្បី​ចាក់ជូន​ប្រជាជន​របស់ខ្លួន​ ខណៈដែល​មេរោគ​រាតត្បាត​កូវីដ-១៩ បាននិងកំពុង​បន្ដ​វាយ​ប្រហារ​ឥតឈប់ឈរ។ ក្នុងនោះ កម្ពុជា​​ក៏បានត្រៀម​ខ្លួន​ និងកំពុង​រៃអង្គាស​ថវិកាពីសប្បុរសជន ដើម្បី​ទិញវ៉ាក់សាំង​នេះផងដែរ ដោយក្នុង​ដំណាក់​កាល​ដំបូង​នេះ កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង​ចំនួន ១លាន​ដូស ដើម្បី​ចាក់ជូន​ប្រជាជន ៥០ម៉ឺននាក់ និង​មានគោលដៅ បន្ដទិញ​ចាក់ជូន​ប្រជាជន​ដល់ទៅ ១០លាននាក់។ យ៉ាងណាក៏ដោយចុះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា មិនទាន់​បានបញ្ជាក់ថា នឹងទិញ​វ៉ាក់សាំង​ការពារ​កូវីដ-១៩ នោះ ពីប្រទេស​ណាមួយ​នៅឡើយទេ។ គិតត្រឹម​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ថវិកា​ពី​សប្បុរស​ជន​សម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ-១៩ នេះ ចំនួន ជាង​៣០លាន​ដុល្លារអាមេរិក​រួចហើយ៕

None



អត្ថបទបន្ទាប់


ADB រក្សាព្យាករណ៍របស់ខ្លួននៅដដែលថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធ្លាក់ចុះ -៤%

ធនាគារអភិវន៍ឌ្ឍ អាស៊ីហៅកាត់ថា ADB នៅខែធ្នូចុងឆ្នាំ២០២០នេះ បានចេញរបាយការណ៍បំពេញបន្ថែមប្រចាំខែធ្នូរបស់ខ្លួន ដោយបានរក្សាការព្យាករនៅដដែល …

ខណៈ​​កូវីដ-១៩​ឆ្លង​ចូល​ដល់​​សហគមន៍ សិស្សានុសិស្ស​​ត្អូញត្អែរ​ថា ការរៀនអនឡាញ​គឺជាការពិបាក​ម្ដងទៀត

សិស្សានុសិស្សមួយ​ចំនួន បាន​និយាយ​​ថា ការ​សិក្សា​អនឡាញ​ជួប​ការលំបាក​ច្រើន រួមមាន សំឡេង​រំខាន ល្បឿន​អ៊ីនធើណែត​យឺត និង​បញ្ហា​បច្ចេកទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ