ភ្នាក់ងារឱសថសហភាពអឺរ៉ុបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានសម្រេចពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំងចិនដូចនេះ គឺដោយសារតែសង្កេតឃើញរបាយការណ៍លទ្ធផលបឋមពីការសិក្សា និងធ្វើតេស្តលើខ្លួនសត្វនិងមនុស្ស នៅតាមមន្ទីរពិសោធន៍នានា បានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់ អាចបង្កើតនូវប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យប្រឆាំងទល់នឹងមេរោគកូរ៉ូណាវីរុសបាន។
ទោះបីមានទិន្នន័យបឋមបានបង្ហាញថាវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនប្រភេទនេះ មានប្រសិទ្ធភាពក្តី ប៉ុន្តែភ្នាក់ងារឱសថអឺរ៉ុបបាននិយាយថា អ្នកជំនាញរបស់ខ្លួននឹងបន្តធ្វើការវាយតម្លៃទិន្នន័យជាបន្តបន្ទាប់ទៀតដែលគេមាន ដោយហេតុថាស៊ីណូវ៉ាក់បាននិងកំពុងប្រើប្រាស់នៅច្រើនប្រទេសគួរសមដែរក្រៅពីប្រទេសចិន។
បន្ទាប់ពីធ្វើការវាយតម្លៃលើទិន្នន័យគ្រប់គ្រាន់ហើយ អ្នកជំនាញសុខាភិបាលនឹងសម្រេចថា វ៉ាក់សាំងចិនស៊ីណូវ៉ាក់មានប្រសិទ្ធភាពច្រើនជាង ឬ ហានិភ័យច្រើនជាង។
ប្រសិនបើ វ៉ាក់សាំង ស៊ីណូវ៉ាក់ អាចឆ្លងផុតការត្រួតពិនិត្យ និង ត្រូវបានទទួលស្គាល់ដោយភ្នាក់ងារឱសថអឺរ៉ុប នោះវ៉ាក់សាំងចិនមួយប្រភេទនេះ ទំនងនឹងអាចយកមកប្រើប្រាស់សម្រាប់ប្រទេសទាំង២៧នៃសមាជិករបស់អឺរ៉ុប ហើយក៏នឹងក្លាយជាវ៉ាក់សាំងចិនទី១ ប្រើប្រាស់នៅលើទឹកដីលោកខាងលិចផងដែរ។
គួររំឭកថា ក្រៅតែពីការប្រកាសត្រួតពិនិត្យរបស់ភ្នាក់ងារឱសថអឺរ៉ុប អង្គការសុខភាពពិភពលោក ក៏នឹងពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំងរបស់ប្រទេសចិនផងដែរ។ អង្គការសុខភាពពិភពលោកកំពុងពិនិត្យវាយតម្លៃពីប្រសិទ្ធភាពវ៉ាក់សាំងចំនួនពីររបស់ចិននោះ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ អ្នកជំនាញអង្គការសុខភាពពិភពលោកអាចនឹងសម្រេចថា តើខ្លួននឹងទទួលស្គាល់ ឬមិនទទួលស្គាល់ លើគុណភាពវ៉ាកសាំងចិននៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
គួរជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយអាជ្ញាធរចិនកាលពីខែកុម្ភៈកន្លងទៅ ហើយបច្ចុប្បន្ននេះ វ៉ាក់សាំងស៊ីណូវ៉ាក់កំពុងត្រូវបានគេប្រើប្រាស់ក្នុងប្រទេសយ៉ាងតិច ២២ រួមមាននៅតំបន់អាមេរិកឡាទីន អាហ្វ្រិក និ ងអាស៊ី ផងដែរ។
សូមបញ្ជាក់ថា ក្រៅតែពីត្រួតពិនិត្យវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន ភ្នាក់ងារឱសថអឺរ៉ុបក៏កំពុងតែត្រួតពិនិត្យលើវ៉ាក់សាំង៣ប្រភេទផ្សេងទៀតផងដែរ ដូចជាវ៉ាក់សាំងរបស់អាមេរិក ណូវ៉ាវ៉ាក់(Novavax), ឃ្យួវ៉ាក់(CureVac) របស់អាល្លឺម៉ង់ និង ស្ពុតនីកវី (Sputnik V)និងរបស់ប្រទេសរុស្សី ជាដើម។
ដោយឡែក សម្រាប់អង្គការសុខភាពពិភពលោកវិញ គិតមកទល់នឹងពេលនេះបានទទួលស្គាល់សុវត្ថិភាព និងប្រសិទ្ធភាព វ៉ាក់សាំងកូវីដ-១៩ ចំនួនបួនប៉ុណ្ណោះ គឺ Pfizer, AstraZeneca, Johnson & Johnson និង Moderna៕