
តាមសារព័ត៌មាន Business Insider បានបញ្ជាក់ាថ មានក្រុមហ៊ុនទាំង៨ ដែលត្រូវបានបញ្ជាឲ្យផ្ដាច់ទំនងទំនងជាមួយនឹងក្រុមហ៊ុន Huaweiនោះ មានដូចជា៖
១, ក្រុមហ៊ុន Google
រយៈពេលតែ៣ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ប្រកាសដាក់ក្រុមហ៊ុនចិន Huawei ចូលក្នុងបញ្ជីខ្មៅ ក្រុមហ៊ុនGoogle បានប្រកាសដែរថា ខ្លួននឹងដកប្រតិបត្តិការអាជីវកម្មលើសេវាប្រព័ន្ធប្រតិបត្តិការ Android ចេញពីទូរស័ព្ទ Huawei វិញ។ បន្ថែមពីនេះ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា ក្រុមហ៊ុន Google ក៏កាត់ចេញ នូវការផ្គត់ផ្គង់គ្រឿងបង្គុំជា Hardware និងកម្មវិធី ជា Software ទាំងអស់ចេញពីទូរស័ព្ទ Huawei ផងដែរ។
តែយ៉ាងណា អាមេរិកបានទុកពេល៩០ ថ្ងៃ សម្រាប់ឲ្យក្រុមហ៊ុន Google ធ្វើការជាមួយនឹង Huawei ដើម្បីដោះស្រាយជាមួយអ្នកប្រើប្រាស់របស់ខ្លួន មុននឹងការវិធានការណ៍នេះ ត្រូវអនុវត្តពេញលេញ។
ដ្បិដតែយ៉ាងនេះក្ដី Huawei ក៏បាននិងកំពុងបង្កើតប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទផ្ទាល់ខ្លួន ដែលក្រុមហ៊ុននេះបានអះអាងថា គឺជាគម្រោងត្រៀមទុកមុនរបស់ខ្លួនជាយូរឆ្នាំមកហើយ ដើម្បីទប់ទល់នឹងការរឹតត្បិតពីសំណាករដ្ឋាភិបាលអាមេរិក។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មានឈ្មោះថា Hongmeng OS ដែលនឹងត្រូវប្រើជំនួសឲ្យប្រព័ន្ធប្រតិបត្តិការ Android ហើយបើតាមនាយក្រុមហ៊ុន Huawei និយាយក្នុងសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសចិន នៅចុងឆ្នាំ២០១៩នេះហើយ ហើយនឹងពង្រីកការប្រើប្រាស់នៅទូទាំងពិភពលោក នៅក្នុងត្រីមាសទី១ ឬទី២ នៅឆ្នាំ២០២០។

២, ក្រុមហ៊ុន Qualcomm
នេះគឺជាក្រុមហ៊ុនសំខាន់មួយរបស់អាមេរិក ដែលផលិតឈីប សម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទ។ ក្រុមហ៊ុនេះ Qualcomm ក៏បានបញ្ចេញការឆ្លើយតបភ្លាមៗដែរ ពោលគឺនៅ៣ថ្ងៃបន្ទាប់ នៃការដាក់ចូលក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ ក្រុមហ៊ុនេះបានប្រាប់ទៅកាន់បុគ្គលិករបស់ខ្លួនថា មិនត្រូវផ្គត់ផ្គង់គ្រឿង ឈីប ទៅឲ្យ Huawei ដាច់ខាត ដរាបណា មានការជូនដំណឹងពេលក្រោយទៀត។

៣, Intel
ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំមួយទៀត ដែលមានការផលិតគ្រឿង ឈីប ទូរស័ព្ទ នៅអាមេរិក និងត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យផ្ដាច់ទំនាក់ទំនងរកស៊ីជាមួយនឹង Huawei។ តាមការរាយការណ៍ពី Bloomberg ក្រុមហ៊ុន Huawei បានស្តុកទុក បន្ទះឈីប និងសមាភាព ផ្សេងទៀត សម្រាប់ការប្រើប្រាស់រយៈពេល ៣ខែ រួចហើយ។
ក្រុមហ៊ុន Lumentum ដែលជាក្រុមហ៊ុនផលិតបំណែកទូរស័ព្ទ ក៏បានប្រកាសថា ខ្លួនបានបញ្ឈប់ការលក់ផលិតផលរបស់ខ្លួនទៅឲ្យ Huwei ផងដែរ ដោយក្រុមហ៊ុននេះ បានឲ្យដឹងថា ការរកស៊ីជាមួយ Huawei គឺបានបង្កើតចំណូល១៨% នៃចំណូលសរុបកាលពីត្រីមាសទី ១ឆ្នាំនេះ។

៤, ក្រុមហ៊ុន Panasonic
ក្រុមហ៊ុនយីហោជប៉ុន មួយនេះ ក៏បានប្រកាសដែរថា ខ្លួននឹងកាត់ផ្ដាច់ការរកស៊ីជាមួយក្រុមហ៊ុនចិន Huawei ។ ត្រូវបានស្រង់សម្ដី ដោយ សារព័ត៌មានThe Guardian តាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ ឲ្យដឹងថា ក្រុមហ៊ុន Panasonic បានបញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយក្រុមហ៊ុន Huawei និង ក្រុមហ៊ុនចំនួន ៦៨ ផ្សេងទៀត នៃសម្ព័ន្ធ របស់ក្រុមហ៊ុននេះ ដោយសារតែរដ្ឋាភិបាលអាមេរិក ដាក់បម្រាមហាមឃាត់។

៥, ក្រុមហ៊ុន Arm
ក្រុមហ៊ុន ផលិត ឈីប របស់ចក្រភពអង់គ្លេសនេះ បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនថា ឲ្យបញ្ឈប់រាល់ កុងត្រា ការគាំទ្រ និងកិច្ចការដែលកំពុងរៀបចំតែមិនបានសម្រេចទាំងអស់ ជាមួយក្រុមហ៊ុន Huawei។ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុននេះ ប្រាប់សារព័ត៌មាន BBC ទៀតថា រាល់រចនាបថរបស់ផលិតផលរបស់គេ គឺមានផ្ទុកនូវ បច្ចេកវិទ្យាដើមកំណើតអាមេរិក។

៦, ក្រុមហ៊ុន Vodafone
ក្រុមហ៊ុនបណ្ដាញទូរស័ព្ទធំជាងគេបំផុត របស់អង់គ្លេស Vodafone កាលពីពេលថ្មីៗនេះ ក៏បានប្រកាសថា ខ្លួននឹងទម្លាក់ចោលការប្រើប្រាស់បណ្ដាញ 5G របស់ក្រុមហ៊ុន Huawei ដែលត្រៀមនឹងដាក់ដំណើរការនៅខែកក្កដាខាងមុខនេះ។ តាមអ្វីដែលអ្នកនាំពាក្យក្រុមហ៊ុននេះ ប្រាប់ សារព័ត៌មាន The Guardian ក្រុមហ៊ុននេះ នឹងផ្អាកការបញ្ជាទិញមុន (Preoders) នូវផលិតទូរស័ព្ទ Huawei Mate 20X (5G) សម្រាប់ទីផ្សារប្រទេសអង់គ្លេស។ អ្នកនាំពាក្យបានបន្តថា នេះគឺជាវិធានការបណ្ដោះអាសន្ន ខណៈដែលមានភាពមិនច្បាស់លាស់ទាក់ទងនឹងផលិតផលថ្មី 5G របស់ Huawei។
៧, ក្រុមហ៊ុន EE
ក្រុមហ៊ុនបណ្ដាញទូរស័ព្ទ EE របស់អង់គ្លេស ក៏មិនខុសទៅនឹងក្រុមហ៊ុន Vodafone ដែរ គឺបានបដិសេធលើការនាំយក5G មកប្រើប្រាស់ដូចគ្នា។ ក្រុមហ៊ុន EE បានឲ្យដឹងថា ខ្លួនសម្រេចចិត្តបែបនេះ គឺធ្វើឡើងតាមក្រុមហ៊ុន Google ដែលបានដកAndroid ពី ក្រុមហ៊ុន Huawei។

៨, ក្រុមហ៊ុន Microsoft
ក្រុមហ៊ុន Microsoft មិនទាន់បានបញ្ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយ អំពីទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huawei នៅឡើយទេ ប៉ុន្ដែផលិតផល របស់ Huawei ដូចជា កុំព្យូទ័រ Matebook ត្រូវបានបាត់ចេញ ហាងលក់អនឡាញរបស់ Microsoft បន្ទាប់ពីបញ្ជារបស់ប្រធានាធិបតីអាមេរិគ លោកដូណាល់ត្រាំ។
ត្រូវបានអ្នកសារព័ត៌មានទាក់ទងបំភ្លឺរឿងនេះដែរ តែក្រុមហ៊ុន Microsoft សុំបដិសេធធ្វើអធិប្បាយ។

គួរបញ្ជាក់ថា កាលពី ថ្ងៃទី ១៦ ឧសភានេះ រដ្ឋាភិបាលលោក ដូណាល់ត្រាំ បានសម្រេចដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន ចូលក្នុងបញ្ជីខ្មៅ នឹងបញ្ជាឲ្យក្រុមហ៊ុនអាមេរិកដូចជា Google ជាដើម ត្រូវផ្ដាច់ទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនចិនមួយនេះ ដោយសារតែអាមេរិក ចាត់ទុកថា ផលិតផលក្រុមហ៊ុន Huawei មានហានិភ័យដល់សន្ដិសុខជាតិអាមេរិក។
ក្រុមអ្នកវិភាគ មើលឃើញថា បើសិន ចិនមានបំណងសងសឹកអាមេរិកវិញ នោះ ក្រុមហ៊ុន Apple នៅចិន ក៏អាចនឹងត្រូវរងទុក្ខធំដូចគ្នាដែរ។