
កាលពីថ្ងៃសុក្រ ទី២៣ ធ្នូ ២០២២ ក្រុមហ៊ុន Smart រៀបចំពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់អតីតនិស្សិតអាហារូបករណ៍ SmartEdu ចំនួន ៤៧ នាក់ ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យនៅក្នុងឆ្នាំ ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ។
កម្មវិធីអាហារូបករណ៍ SmartEdu Scholarship Program ចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលនិស្សិតកម្ពុជានៅទីក្រុង និងតាមបណ្តាខេត្តនានា ដែលពុំមានលទ្ធភាពក្នុងការបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ជាពិសេសសម្រាប់ជំនាញផ្នែកទូរគមនាគន៍ បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង និងជំនាញបច្ចេកទេសបច្ចេកវិទ្យាផ្សេងៗទៀត។

ជារៀងរាល់ឆ្នាំ និស្សិតចំនួន 20 នាក់ត្រូវបានជ្រើសរើស ដើម្បីចូលរួមនិងទទួលបានអាហារូបករណ៍របស់ក្រុមហ៊ុនស្មាត ដែលបន្ថែមពីការផ្គត់ផ្គង់ថ្លៃសាលារៀន និង ប្រាក់ឧត្ថម្ភជីរភាពប្រចាំខែ កម្មវិធីមួយនេះក៏មានការបង្ហាត់បង្រៀន ណែនាំ និងផ្តល់បទពិសោធន៏ផ្សេងៗ តាមរយៈការចូលរួមសកម្មភាពសង្គមជាច្រើន នៅតាមបណ្ដាខេត្តនានា។ រហូតមកទល់ពេលនេះ កម្មវិធីអាហារូបករណ៍ SmartEdu បាននិងកំពុងគាំទ្រនិស្សិតកម្ពុជាសរុបចំនួន ៨៧ នាក់ ក្នុងការចាប់យកជំនាញសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុម Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍មួយនេះ ក៏ដូចជាចូលរួមអបអរសាទរចំពោះការបញ្ចប់ការសិក្សារបស់ អតីតនិស្សិតផងដែរ។
« ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលយុវជនកម្ពុជាជំនាន់ក្រោយ ដើម្បីក្លាយជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ កម្មវិធីអាហារូបករណ៍ SmartEdu គឺជាយន្តការដ៏សំខាន់សម្រាប់ពួកយើង ក្នុងការចូលរួមចំណែកកាត់បន្ថយគម្លាតសង្គម និងចូលរួមអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល និងវិស័យផ្សេងៗ ដែលវាមានសារៈសំខាន់ក្នុង ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។»

ឯកឧត្តមបណ្ឌិត អ៊ុម រម្យមណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណៈធិបតីនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនប័ត្រផងដែរ។
លោកបានមានប្រសាសន៍ថា៖ «អាហារូបករណ៍ SmartEdu គឺជាកម្មវិធីមួយដែលបានគាំទ្រក្នុងការ បណ្តុះបណ្តាលធនធានមនុស្សផ្តល់ចំណេះដឹងដល់យុវជនក្នុងការបញ្ចេញសមត្ថភាពដើម្បីចាប់យកឱកាសការងារល្អៗលើមុខជំនាញសំខាន់ៗ សម្រាប់សម្របខ្លួនទៅក្នុងសង្គមការងារ។ កម្មវិធីនេៈក៍បានជួយ គាំទ្រឲ្យយុវជន យុវនារីឲ្យចេះបង្កើតគំនិតថ្មីៗក្នុងបរិយាកាសការងារ ជាពិសេសគឺការតម្រង់ ទិសសមត្ថភាពវិជ្ជាជីវៈ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ។»

កម្មវិធីអាហារូបករណ៍ SmartEdu Scholarship Program បានចាប់ដំណើរការក្នុងឆ្នាំ ២០១៦ ហើយបាននិងកំពុងគាំទ្រនិស្សិតចំនួន ៥ ជំនាន់រួចមកហើយ។ កម្មវិធីអាហារូបករណ៍មួយនេះ ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន Smart Axiata និងពីមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ (Capacity Buildig, Research, and Development) ក្រោមការគ្រប់គ្រង់ របស់ក្រសួងប្រៃសណីយ៍ និងគមនាគមន៍។

សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍ និងកម្មវិធីផ្សេងៗរបស់ SmartEdu អាចតាមដានហ្វេសប៊ុក ផេក https://www.facebook.com/smartforcambodia និងគេហទំព័រ https://www.smartedu.com.kh/index.php/en/home