អ្នកចិញ្ចឹមសត្វ

តើការបង្ក្រាបការលួចនាំចូលសត្វរស់បានជាបន្តបន្ទាប់ បានបង្ហាញពីភាពធូររលុងរបស់អាជ្ញាធរនៅតាមព្រំដែនឬយ៉ាងណា?


ការលួចនាំចូលសត្វរស់ដោយខុសច្បាប់ជាបន្តបន្ទាប់ កំពុងបង្កការព្រួយបារម្ភដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ចំពោះប្រសិទ្ធភាព នៃការគ្រប់គ្រងតាមច្រកព្រំដែន ខណៈពួកគេព្រមានថា បញ្ហានេះមិនត្រឹមតែអាចប៉ះពាល់ដល់ទីផ្សារ និងជីវភាពកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សុខភាពសាធារណៈ និងការរីករាលដាលជំងឺឆ្លងដល់សត្វទៀតផង។
អ្នកចិញ្ចឹមសត្វ
ដោយ

អ្នកជំនាញ និងអ្នកចិញ្ចឹមសត្វជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការទទួលខុសត្រូវ និងបង្កើតការចាត់វិធានការត្រួតពិនិត្យតាមព្រំដែនឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើស និងការពារផលប្រយោជន៍អ្នកចិញ្ចឹមសត្វក្នុងស្រុក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះភាពធូររលុងក្នុងការគ្រប់គ្រងរបស់មន្ត្រីតាមច្រកព្រំដែន បន្ទាប់ពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានរកឃើញ និងឃាត់ទុកការលួចនាំចូលជ្រូករស់ និងកូនមាន់រស់ដោយខុសច្បាប់ជាបន្តបន្ទាប់។

លោកយល់ថា ការនាំចូលសត្វដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងបំបាក់ទឹកចិត្តកសិករ ដែលប្រកបរបរចិញ្ចឹមសត្វក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សុខភាពសាធារណៈទៀតផង ប្រសិនបើសត្វទាំងនោះមានផ្ទុកមេរោគ ឬជំងឺឆ្លង ហើយត្រូវបានយកទៅលក់ចែកចាយ និងបរិភោគដោយគ្មានការត្រួតពិនិត្យគុណភាពជាមុន។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់ និងទំនួលខុសត្រូវក្នុងការគ្រប់គ្រងតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ និងការពារផលប្រយោជន៍របស់អ្នកចិញ្ចឹមសត្វក្នុងស្រុក។

ជាមួយគ្នានេះ លោក សុក សីហា សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងជាអនុប្រធានគណៈកម្មការផ្នែកបក្សី បានឱ្យដឹងថា ទីផ្សារមាន់រស់នៅតាមកសិដ្ឋានកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងវិញដោយបានកើនឡើងដល់៤,២០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ យ៉ាងណាមិញ លោក សុក សីហា ចង់ឃើញមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធបង្កើនការទប់ស្កាត់ការនាំចូលសត្វរស់ និងសាច់សត្វដោយខុសច្បាប់មកកាន់ប្រទេសកម្ពុជា ដើម្បីការពារទីផ្សារសាច់សត្វក្នុងស្រុក និងបានចាត់ទុកការរកឃើញ និងឃាត់រថយន្តដឹកកូនមាន់រស់ចំនួន៣ម៉ឺនក្បាលខុសច្បាប់ ដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វថា ជាចំណាត់ការដ៏សំខាន់ ដែលអាចធ្វើឱ្យឈ្មួញមានការខ្លាចរអា និងបញ្ឈប់សកម្មភាពលួចនាំចូលសត្វដោយខុសច្បាប់។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា ការរកឃើញករណីឈ្មួញលួចនាំចូលសត្វដោយគ្មានលិខិតអនុញ្ញាតជាបន្តបន្ទាប់ ហាក់បង្ហាញពីភាពធូររលុង នៃការគ្រប់គ្រងរបស់អាជ្ញាធរនៅតាមច្រកព្រំដែន និងការគប់គិតគ្នារវាងអ្នកពាក់ព័ន្ធមួយចំនួន។

សម្រាប់អ្នកជំនាញរូបនេះ ការគ្រប់គ្រងនៅតាមច្រកព្រំដែននីមួយៗ គឺស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត ស្របតាមគោលការណ៍ និងគោលនយោបាយរបស់រដ្ឋាភិបាល ហើយប្រសិនបើមានការធ្វេសប្រហែស ឬប្រព្រឹត្តខុសក្នុងការបំពេញតួនាទី នោះក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៅតាមកម្រិត នៃកំហុសរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ក្រាបការដឹកជញ្ជូនសត្វរស់ដោយខុសច្បាប់ចំនួន២ករណី ដោយបានឃាត់រថយន្តដឹកជ្រូករស់២០ក្បាលគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ដែលដឹកចេញពីខេត្តព្រៃវែង ឆ្ពោះទៅរាជធានីភ្នំពេញ និងរថយន្តមួយគ្រឿងទៀតដឹកកូនមាន់រស់ចំនួន៣០០កេសស្មើនឹង៣ម៉ឺនក្បាល ដែលនាំចូលពីប្រទេសវៀតណាម ដោយខុសច្បាប់។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានចេញសេចក្តីប្រកាសអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឱ្យបង្កើនការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់នៅតាមសត្តឃាតដ្ឋាននានា ដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក ការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ ចៀសវាងការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្ស៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការវិនិយោគលើកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅតែមានកម្រិតទាប ទោះវិនិយោគិន​បង្ហាញការចាប់អារម្មណ៍ច្រើន?

កម្ពុជា បានពង្រឹងតំណែងរបស់ខ្លួនជាអ្នកផលិតគ្រាប់ស្វាយចន្ទីឆៅដ៏ធំមួយនៅលើពិភពលោក ប៉ុន្តែសមត្ថភាពកែច្នៃក្នុងស្រុកហាក់នៅតែមានកម្រិតទាប បើធៀបនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ