យោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា បានឱ្យដឹងថា ប្រទេសសិង្ហបុរី បានសម្រេចដាក់បេក្ខភាពលោកស្រី រីណា លី (Rena Lee) ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការច្បាប់អន្តរជាតិ វ័យ៥៧ឆ្នាំ ឱ្យចូលរួមប្រកួតប្រជែងដណ្តើមតំណែងចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ ។ លោកស្រី គឺជាអ្នកជំនាញច្បាប់អន្តរជាតិ និងជាអ្នកការទូតដ៏លេចធ្លោមួយរូប ដែលមានបទពិសោធជាង៣ទសវត្សរ៍លើវិស័យច្បាប់សមុទ្រ ច្បាប់បរិស្ថាន និងអាកាសធាតុ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស។
សមិទ្ធផលដ៏ធំបំផុតមួយរបស់លោកស្រី គឺការធ្វើជាប្រធានសន្និសីទអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ស្តីពី ជីវចម្រុះសមុទ្រក្រៅយុត្ថាធិការជាតិ ដោយលោកស្រី បានដឹកនាំការចរចាប្រកបដោយជោគជ័យរហូតបង្កើតបានជាសន្ធិសញ្ញាសមុទ្រប្រវត្តិសាស្ត្រ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS)។ លើសពីនេះ លោកស្រី ក៏ធ្លាប់កាន់តំណែងសំខាន់ៗជាច្រើន រួមមាន នៅការិយាល័យអគ្គរដ្ឋអាជ្ញា ក្រសួងការពារជាតិ និងធ្លាប់ធ្វើជាអគ្គនាយិកា នៃការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី ផងដែរ។
សូមបញ្ជាក់ថា តុលាការ ICJ តែងតែរៀបចំការបោះឆ្នោតជារៀងរាល់៣ឆ្នាំម្តង ដើម្បីផ្លាស់ប្តូរ និងបំពេញអាសនៈចៅក្រមចំនួន៥ ក្នុងចំណោម១៥រូប។ ចៅក្រមទាំងអស់ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតសម្ងាត់ ដោយមហាសន្និបាត UN និងក្រុមប្រឹក្សាសន្តិសុខ UN។ បេក្ខជនអាចទទួលបានជ័យជម្នះបាន លុះត្រាតែទទួលបានសំឡេងភាគច្រើនដាច់ខាតពីស្ថាប័នទាំងពីរ ដើម្បីកាន់អាណត្តិរយៈពេល៩ឆ្នាំ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣៦។
តុលាការ ICJ ដែលមានស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ និងត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ ក្នុងគោលបំណងផ្តល់យន្តការផ្លូវច្បាប់អន្តរជាតិ ឱ្យរដ្ឋនានា ដោះស្រាយវិវាទដោយសន្តិវិធីជំនួសឱ្យការប្រើប្រាស់អាវុធ ឬសង្គ្រាម។ ស្ថាប័ននេះមានយុត្ថាធិការលើរដ្ឋសមាជិករបស់ UN ទាំង១៩៣ ព្រមទាំងមានតួនាទីផ្តល់មតិយោបល់ផ្នែកច្បាប់ដល់ស្ថាប័ន និងទីភ្នាក់ងារជំនាញនានារបស់អង្គការសហប្រជាជាតិផងដែរ៕
អត្ថបទៈ សួន ឡង់ទី