ប្រទេសថៃបានរាយការណ៍ពីការស្លាប់ចំនួន ០២នាក់ហើយ ដោយសារវីរុសកូវីដ១៩ គិតត្រឹមថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ ហើយមានករណីឆ្លងចំនួន ៧២១។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ដោយដកស្រង់សម្ដីមន្រ្តីក្រសួងសុខាភិបាលថៃ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយដែលត្រូវបានផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកផងនោះ សម្តេច ស ខេង បានអះអាងថា ប្រជាពលរដ្ឋខ្មែរដែលវិញត្រលប់ពីថៃ មានចំនួនប្រមាណជា ១៥០០០នាក់។
សម្តេចបានបន្តថា សម្ដេចបានដាក់សំណើទៅនាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន រួចហើយ ដោយស្នើថា “កាលណាមានបងប្អូនមក ឱ្យរដ្ឋបាលមូលដ្ឋានហ្នឹង ទៅជួបជាមួយគាត់ ដើម្បីពន្យល់គាត់ ឱ្យគាត់នៅមួយកន្លែងកុំឱ្យពាក់ព័ន្ធអ្នកដទៃ។”
សម្តេច ស ខេង បានថ្លែងបន្តថា “ហើយបើសិនមានបញ្ហាអី ត្រូវការបិទ បិទមួយភូមិ ឬកន្លះភូមិ ឱ្យជាក់ស្តែង ព្រោះភូមិយើង វាមិនដូចនៅស្រុកគេទេ គឺជួនអី នៅរាយប៉ាយ អ៊ីចឹងផ្ទះគាត់នៅដាច់ដោយឡែក យើងបិទតែផ្ទះគាត់ហ្នឹងទៅ កុំតែបិទ អីដល់ភូមិ ប៉ុន្តែ បើនៅជាប់ៗគ្នា ដូចនៅភ្នំពេញ នៅតាមផ្ទះល្វែងអីហ្នឹង អាហ្នឹងត្រូវបិទទាំងអស់ហើយ។”
គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៨៧ករណីហើយ៕