លោក សាហ្គាឡា រ៉ាតណាយ៉ាកា (Sagala Ratnayaka) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីស្រីលង្កា បានប្រាប់សារព័ត៌មាន Nikkei ក្នុងបទសម្ភាសថ្មីៗនេះថា ការចរចាគ្នារវាងស្រីលង្កា និងប្រទេសម្ចាស់បំណុលលើការសុំផ្អាកសងបំណុលម្ដងទៀតនេះ បានបញ្ចប់ និងសម្រេចរួចរាល់ហើយ។ ហើយស្រីលង្កាសង្ឃឹមថា លទ្ធផលលម្អិតនៃកិច្ចចរចានេះនឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។
លោក រ៉ាតណាយ៉ាកា បានបន្ថែមថា រយៈពេលសងបំណុលទៅឱ្យម្ចាស់បំណុលវិញនឹងមាន រយៈពេល១៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៤២ ជាមួយនឹងអត្រាការប្រាក់ដែលបានកំណត់ថ្មីប្រហែល២% ហើយនឹងមិនមានការកាត់បន្ថយបំណុលទៀតឡើយ បើទោះបីជាមានការស្នើសុំពីប្រទេសកោះមួយនេះយ៉ាងណាក៏ដោយ។
សូមរំលឹកថា ស្រីលង្កាកាលពីខែមេសា ឆ្នាំ២០២២ បានប្រកាសពីការផ្អាកបរទេសជាបណ្តោះអាសន្ន ដោយជំរុញឱ្យប្រទេសនេះធ្លាក់ក្នុងការខកខានសងបំណុលបរទេសជាធរមាន។ កិច្ចប្រជុំនៃបណ្តាប្រទេសជាម្ចាស់បំណុលនេះត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៣ ហើយជប៉ុនដែលជាម្ចាស់បំណុលធំជាងគេ បន្ទាប់ពីចិន កំពុងធ្វើជាប្រធាននៅក្នុងកិច្ចពិភាក្សារួមជាមួយនឹងប្រទេសឥណ្ឌា និងបារាំង។
ស្រីលង្កា និងប្រទេសម្ចាស់បំណុលបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានមួយស្តីពីការផ្អាកការទូទាត់សងម្ដងទៀត និងការកាត់បន្ថយការប្រាក់ផងដែរ ហើយទន្ទឹមនឹងនោះ ការផ្តល់ជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ក្រោមលក្ខខណ្ឌនៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក៏បានចាប់ផ្តើមអនុវត្តផងដែរ។
ប្រទេសចិន ដែលជាម្ចាស់បំណុលធំជាងគេមួយបានត្រឹមតែចូលរួមក្នុងកិច្ចប្រជុំនេះក្នុងនាមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក រ៉ាតណាយ៉ាកា បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធបំណុលពីប្រទេសចិនឡើងវិញតាមរយៈប្រាក់កម្ចីរបស់ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន មានលក្ខណៈស្រដៀងនឹងអ្វី ដែលពួកគេបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំម្ចាស់បំណុលនោះដែរ។
គួររំលឹកដែរថា គិតត្រឹមចុងឆ្នាំ២០២៣ បំណុលដែលស្រីលង្កា នៅជំពាក់បរទេសមានចំនួន ៣៧.៣ពាន់លានដុល្លារ ដោយក្នុងនោះបំណុលដែលបានជំពាក់ចិន មានចំនួន៤.៧ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សុខ ជា