បើតាមការគូបញ្ជាក់ពីអ្នកជំនួញដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងវិស័យនេះ លោក ឧកញ៉ា សួរ វីរៈអះអាងថា កត្តាចម្បងដែលជំរុញឲ្យការប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនបរាជ័យ ដោយសារតែម្ចាស់អាជីវកម្មមិនមានផែនការ និងស្គាល់ពីអាជីវកម្មច្បាស់លាស់មុនចេញប្រលូកនៅក្នុងវិស័យនេះ ចំពេលដែលទីផ្សារក៏កំពុងមានការប្រកួតប្រជែងខ្លាំងផងដែរ។
ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបានគូសបញ្ជាក់ថា ចំពេលទីផ្សារនៃវិស័យដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សកើនឡើង ការបើកអាជីវកម្មនេះ ក៏មានសម្ទុះខ្លាំងដែរ ប៉ុន្ដែ ក្នុងនោះ ក៏មានអាជីវកម្មមួយចំនួនបរាជ័យ ដួលរលំទៅវិញ ទាំងដែលមិនបានឈរជើងបានប៉ុន្មានឆ្នាំផង។ បើតាមឧកញ៉ា សួរ វីរៈ ភាពបរាជ័យនេះ ដោយសារតែម្ចាស់អាជីវកម្មមួយចំនួន មិនបានគិតគូរឲ្យបានច្បាស់លាស់ពីអាជីវកម្ម ដោយពួកគាត់គ្រាន់តែឃើញអ្នកដ៏ទៃប្រកបអាជីវកម្មនេះហាក់មានភាពងាយស្រួលក៏ធ្វើតាមគេ ដោយមិនមានការសិក្សា ស្វែងយល់អំពីអាជីវកម្មឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបើកអាជីវកម្ម។
ឧកញ៉ា សួរ វីរៈ បញ្ជាក់បន្ថែមថា ដោយសារតែការខ្វះការសិក្សារស្វែងយល់ និងរៀបចំផែនការមុននឹងសម្រេចបើកអាជីវកម្មបែបនេះហើយ ទើបធ្វើឲ្យអាជីវកម្មពួកគាត់មិនមានការដំណើរទាន់ពេលវេលា ទៅតាមតម្រូវការអតិថិជន មានភាពរអាក់រអួល ដែលបណ្តាលឲ្យគុណភាពអាជីវកម្មធ្លាក់ចុះ និងអាចប្រឈមនឹងការបរាជ័យលើអាជីវកម្មនេះតែម្តង។
យ៉ាងណាក៏ដោយចុះ បើតាម ឧកញ៉ា សួរ វីរៈ ក៏បានបញ្ជាក់ឲ្យដឹងដែរថា អ្នកប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនទៀត ក៏មានជួបនូវបញ្ហាប្រឈមក្នុងការប្រកបអាជីវកម្មរបស់គាត់ផងដែរ បើទោះបីជាមានផែនការច្បាស់លាស់លើអាជីវកម្មក៏ដោយ ពិសេសក្នុងនោះ កត្តាទីតាំងភូមិសាស្ត្រ និងផ្លូវថ្នល់ជាដើម ដោយសារនៅប្រទេសកម្ពុជា នៅមិនទាន់មានលេខផ្ទះ លេខផ្លូវច្បាស់លាស់នៅពេញទូទាំងប្រទេសនៅឡើយនោះទេ ដែលជាហេតុនាំឲ្យពិបាកក្នុងការដឹកជញ្ជូនទំនិញទៅកាន់អតិថិជន និងចំណាយពេលវេលាយូរផងដែរ។
ទន្ទឹមនេះ លោក ឧកញ៉ា សួរ វីរៈ បានអះអាងថា ដើម្បីឲ្យអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សនៅកម្ពុជាមានការរីកចម្រើន និងអាចប្រកួតប្រជែងជាមូយនឹងប្រទេសជិតខាងនោះ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដំណើរការប្រតិបត្តការក្នុងវិស័យដឹកជញ្ជូនទំនិញ គឺនឹងជួយបម្រួលដល់ការចំណាយច្រើនទៅលើថ្លៃដើម ចំណេញពេលវេលា និងកាត់បន្ថយទៅលើការប្រើប្រាស់កម្លាំងពលកម្មផងដែរ៕