កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូង កើនលើសពីការរំពឹងទុកបែបនេះគឺអាស្រ័យលើកំណើននៃការវិនិយោគសាជីវកម្មក្នុងស្រុក ការផលិតសម្ភារប្រើប្រាស់ ការប្រើប្រាស់ និងចំណាយរបស់វិស័យឯកជន បួករួមទាំងការបញ្ចេញកញ្ចប់ថវិកាសម្រាប់ចំណាយរបស់រដ្ឋផងដែរ។ នេះបើតាមទិន្នន័យពីធនាគារកណ្តាលកូរ៉េខាងត្បូង។
លោក ផាក យ៉ាងសូ ប្រធានធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េនៅត្រីមាសទី១ឆ្នាំ២០២១នេះ បានឈានដល់កម្រិតមួយខ្ពស់ជាង កាលពីមុនពេលមានវត្តមានកូវីដ-១៩ទៅទៀត។ លោកបន្តថា សូម្បីការនាំចេញទំនិញក៏មានការកើនឡើងខ្លាំងដែរ ពោលគឺកើនលើសការនាំចេញកាលពីត្រីមាសទី៤ឆ្នាំ ២០១៩ ឯណោះ។
ប្រធានធនាគារកណ្តាលរូបនេះអះអាងថា ការនាំចេញរបស់កូរ៉េនឹងបន្តកើនឡើងទៀត ដោយសារតែមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏រឹងមាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានអនុញ្ញាតឲ្យមានការនាំចូលទំនិញពីកូរ៉េខាងត្បូងទៅអាមេរិកកាន់តែច្រើនផងដែរ។
គួររំឭកថា សេដ្ឋកិច្ចកូរ៉េខាងត្បូងមានការធ្លាក់ចុះកាលពីឆ្នាំមុន ជាលើកដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ដោយហេតុថា ចរន្តសាច់ប្រាក់ក្នុងប្រទេសមានការប៉ះទង្គិច ដែលបណ្តាលមកពីជំងឺកូវីដ-១៩ បានទៅរារាំងពលរដ្ឋពីការចំណាយប្រចាំថ្ងៃ។ ប៉ុន្តែ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងមានវិធានការណ៍ទប់ស្កាត់កូវីដ-១៩បានល្អ និងទាន់ពេលវេលា បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះរងគ្រោះតិចតួច និងរហ័សងើបស្ទុះឡើងវិញដូចពេលបច្ចុប្បន្ន។
សេដ្ឋវិទូកូរ៉េខាងត្បូងបានអះអាងថា សេដ្ឋកិច្ចកូរ៉េនឹងវិលត្រឡប់ទៅរកការរីកចម្រើនខ្លាំងដូចគ្រាមុនវិញនៅក្នុងឆ្នាំនេះ ដោយបានរំពឹងថា នឹងមានការវិនិយោគកើនឡើង រួមផ្សំនឹងការនាំចេញដ៏ខ្លាំងក្លា ទោះបីជាការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុកមិនសូវមានសន្ទុះខ្លាំងក៏ដោយ។ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានព្យាករថា ការនាំចេញសរុបនឹងមានការកើនឡើងចំនួន ៦% ដែលភាគច្រើនជាគ្រឿង ឧបករណ៍អេឡិចត្រូនិក រថយន្ត សារធាតុគីមី និងឥន្ធនៈ៕