មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងបាននិយាយថា ការសម្រេចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយនេះ គឺក្នុងគោលបំណងដើម្បី ជម្រះក្ដីកង្វល់នានាដែលកើតមានជុំវិញនឹងសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaនេះ។
បច្ចុប្បន្ន វ៉ាក់សាំងចំនួន២ប្រភេទ គឺ AstraZeneca និង Pfizer កំពុងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅកូរ៉េខាងត្បូង ដោយវ៉ាក់សាំង Pfizer របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ មានមួយចំនួនត្រូវបានចាក់ជូនសម្រាប់បុគ្គលិកសុខាភិបាល និងវ៉ាក់សាំង AstraZeneca របស់អង់គ្លេសត្រូវបានចាក់ជូនប្រជាជនទូទៅ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានលើកឡើងថ្មីៗនេះថា ប្រទេសកូរ៉េនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ១២លាននាក់ នៅចុងខែមិថុនាខាងមុខនេះ។
ប្រទេសកូរ៉េខាងត្បូង នឹងចូលរួមកិច្ចប្រជុំ G7 ដោយផ្ទាល់ នៅក្នុងរយៈពេល២ឆ្នាំម្ដង ក្នុងនាមជាភ្ញៀវ ជាមួយនឹង ប្រទេសឥណ្ឌា និងអូស្ត្រាលីផងដែរ។ នៅក្នុងចំណោមមេដឹកនាំនៃប្រទេស G7 គឺទើបតែមានលោកចូ បៃឌិនប្រធានាធិបតីអាមេរិកមួយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច គិតមកទល់ពេលនេះ៕