ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា ថវិកាជាង ៩ពាន់ ៦រយលានដុល្លារ នឹងត្រូវបានប្រើដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងទូទាត់សងការខាតបង់របស់ពួកគេ ដែលបណ្តាលមកពីការពន្យារពេលវិធានការ ដែលទាក់ទងនឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។ រីឯ ទឹកប្រាក់ចំនួនជាង ១ពាន់ ២រយលានដុល្លារផ្សេងទៀត ត្រូវបានផ្តល់ជូន ដើម្បីធានាទិញថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន ៤០ម៉ឺននាក់ និងសម្រាប់ទិញគ្រែមន្ទីរពេទ្យចំនួន ២ម៉ឺន ៥ពាន់គ្រែ។
បន្ថែមពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏មានត្រៀមប្រាក់ចំនួនជាង ៨រយលានដុល្លារទៀត សម្រាប់ទុកប្រើជាទុនបម្រុង ដែលអាចកើតមាន ប្រសិនបើមេរោគបំប្លែងថ្មីអូមីក្រុងបន្ដរីករាលដាលកាន់តែខ្លាំង។
ថវិកាដែលរដ្ឋាភិបាលកូរ៉េខាងត្បូងត្រៀមទុកប្រើប្រាស់ជួយដល់អាជីវកម្មរងផលប៉ះពាល់ដោយសារកូវីដ១៩ ទាំងអស់នេះ គឺនឹងបានមកពីការបោះផ្សាយមូលបុត្របំណុល ដែលមានតម្លៃជាង ៩ពាន់ ៤រយលានដុល្លារ ហើយប្រើប្រាស់ថវិកាប្រហែល ២ពាន់ ២រយលានដុល្លារទៀតពីទុនបម្រុងមូលនិធិសាធារណៈ។ជាមួយនឹងថវិកាបន្ថែមចុងក្រោយបំផុតនេះ បានធ្វើឱ្យថវិកាចំណាយសរុបរបស់រដ្ឋាភិបាលកូរ៉េនឹងកើនឡើងដល់កំណត់ត្រា ៥២០ពាន់លានដុល្លារនៅឆ្នាំនេះ ដោយបន្ថែមទៅលើថវិកាដែលបានអនុម័តរួច ៥០៨ពាន់លានដុល្លារ កើនឡើងជាង ១១% ធៀបនឹងថវិកាចំណាយកាលពីឆ្នាំ ២០២១។
ថវិកាចំណាយកើនឡើងនេះ ត្រូវបានគេរំពឹងថា នឹងនាំឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងទៅមានកម្រិតបំណុលកើនឡើងជាង ៥០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះផងដែរ។
សូមជម្រាបថា កញ្ចប់ថវិកាចំណាយបន្ថែម ដែលនឹងត្រូវដាក់ជូនសភា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ធ្វើឡើងចំពេលគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង កំពុងតែព្យាយាមទាក់ទាញយកការគាំទ្រពីសាធារណជនត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ នៅក្នុងប្រទេសនេះ៕អត្ថបទ ស៊ើង និមល់