កាលពីថ្ងៃអាទិត្យ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានរៀបចំពិធីជប់លៀងមួយទទួលរដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក Lloyd Austin នៅផ្ទះរបស់លោកសម្រាប់អាហារពេលល្ងាច លោក យ៉ូន បានជំរុញឱ្យលោក អូស្ទីន មានការប្រុងប្រយ័ត្នចំពោះការវាយប្រហារណាមួយរបស់កូរ៉េខាងជើង រួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលស្រដៀងនឹងយុទ្ធសាស្ត្រ ដែលហាម៉ាសបានធ្វើទៅលើអ៊ីស្រាអែល។
កាលពីខែមុន ប្រធានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ប្រសិនបើទីក្រុងព្យុងយ៉ាង ត្រូវធ្វើសង្រ្គាមលើកូរ៉េខាងត្បូង នាពេលអនាគតនោះ មានភស្តុតាងបង្ហាញថា គេអាចនឹងធ្វើតាមគំរូស្រដៀងគ្នាទៅនឹងការវាយឆ្មក់របស់ហាម៉ាស។ ប៉ុន្តែ តើនេះពិតជាសេណារីយ៉ូគ្រោះថ្នាក់ ដែលកូរ៉េខាងត្បូងគួរព្រួយបារម្ភមែន ឬក៏ជាលេសរបស់អ្នកនយោបាយ ក៏ដូចជារដ្ឋាភិបាលក្នុងការបង្កើនវិស័យយោធា និងបង្កើនកម្តៅភាពតានតឹងជាមួយកូរ៉េខាងជើង?
អ្នកវិភាគខ្លះបានលើកឡើងថា ខណៈពេលដែលក្រុមហាម៉ាស បានបាញ់រ៉ុក្កែតចំនួន៥ពាន់គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា កាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាងអាចបាញ់បានប្រហែល១ម៉ឺន៦ពាន់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
ប៉ុន្តែដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ទីក្រុងសេអ៊ូល កំពុងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលស្រដៀងទៅនឹងប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលដែរ។ មួយវិញទៀត ដូចអ្វីដែលក្រុមហាម៉ាស បានធ្វើនៅហ្គាហ្សា កូរ៉េខាងជើងក៏អាចនឹងកំពុងសាងសង់បណ្តាញផ្លូវរូងក្រោមដីនៅក្រោមតំបន់គ្មានយោធា (DMZ) រវាងព្រំដែនប្រទេសទាំងពីរ ដើម្បីស្តុកទុកអាវុធក្នុងការប្រើប្រាស់សម្រាប់ការលុកលុយណាមួយ។
យ៉ាងណាមិញ យោងតាមអ្នកជំនាញផ្នែកសន្តិសុខបាននិយាយថា គោលដៅធំរបស់ព្យុងយ៉ាង គឺលែងនៅព្រំដែនទៀតហើយ តែធ្វើយ៉ាងណាកម្ទេចរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងតែម្តង។ បើតាមលោក Hong Min នាយកស្រាវជ្រាវកូរ៉េខាងជើងនៅវិទ្យាស្ថានកូរ៉េ សម្រាប់ការបង្រួបបង្រួមជាតិបានឱ្យដឹងថា ខណៈដែលក្រុមហាម៉ាសពឹងផ្អែកជាចម្បងលើគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លី កូរ៉េខាងជើងមានមីស៊ីលរយៈចម្ងាយឆ្ងាយ និងធំជាងហាម៉ាសរាប់សិបដង រួមទាំងកាំភ្លើងធំ។ ដូច្នេះសមត្ថភាពវាយប្រហាររបស់ព្យុងយ៉ាង គឺហួសឆ្ងាយណាស់បើធៀបនឹងហាម៉ាស។
ដោយឡែក បើយោងតាមលោក Cho Seong Ryul អតីតទីប្រឹក្សាការពារជាតិរបស់រដ្ឋាភិបាល និងបច្ចុប្បន្នជាសាស្ត្រាចារ្យសិក្សាយោធាមានការយល់ឃើញផ្ទុយពីនេះ ដោយថា កូរ៉េខាងជើងនឹងគ្មានហេតុផលណាប្រើតាក់ទិចដូចហាម៉ាសនោះទេ។ លោក Cho ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងបានផ្តោតលើការអភិវឌ្ឍន៍ និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែ ក្នុងការបង្កើតមីស៊ីលផ្លោង រយៈចម្ងាយខ្លី ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ។
លោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងជាប្រទេសអធិបតេយ្យមួយ ដែលមានកងទ័ព និងអាវុធនុយក្លេអ៊ែរបស់ខ្លួន ហើយព្យុងយ៉ាង ក៏មិនចង់ធ្វើសង្រ្គាមនៅពេលនេះដែរ។ ព្រោះថា កូរ៉េខាងត្បូង និងអាម៉េរិកបានបញ្ជាក់ម្តងហើយម្តងទៀតយ៉ាងច្បាស់ថា ការវាយប្រហារណាមួយលើកូរ៉េខាងត្បូងនឹងនាំទៅដល់ការបញ្ចប់នៃរបបលោក គីម ជុងអ៊ុន ហើយអាទិភាពកំពូលរបស់លោក គីម គឺការបន្តអាយុកាលនៃរបបដឹកនាំបែបផ្តាច់ការនៅកូរ៉េខាងជើងតទៅទៀត៕