កូរ៉េខាងត្បូងនឹងផ្តល់ប្រាក់កម្ចី១ពាន់៩រយលានដុល្លារជាមួយអត្រាការប្រាក់ទាបដល់ប្រទេសហ្វីលីពីន ដើម្បីអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនពីររបស់ប្រទេសនេះ។ ទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញានឹងលើកកម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យឈានដល់«ភាពជាដៃគូយុទ្ធសាស្ត្រ»ផងដែរ។ ការប្តេជ្ញានេះធ្វើឡើងក្នុងអំឡុងពេលលោក យុន ស៊ូកយុល ប្រធានាធិបតីកូរ៉េខាងត្បូង បំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង និងហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន៩០៥លានដុល្លារសម្រាប់ការសាងសង់ផ្លូវក្រវាត់ក្រុង នៅជិតទីក្រុងម៉ានីល។ ជាមួយគ្នានេះ ទីក្រុងសេអ៊ូល ក៏បានផ្តល់ប្រាក់កម្ចីបន្ថែមជាង១ពាន់លានដុល្លារសម្រាប់ការកសាងស្ពានប្រវែង១៣គីឡូម៉ែត្រ ដែលតភ្ជាប់កោះចំនួនពីរនៅក្នុងតំបន់កណ្តាលរបស់ប្រទេស។ នេះគឺជាសមិទ្ធផលថ្មីបំផុតនៃទំនាក់ទំនងរវាងហ្វីលីពីននិងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១១មក។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos Jr.) បាននិយាយថា វាល្មមដល់ពេលហើយ ដែលប្រទេសទាំងពីរត្រូវរួមគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ បើទោះបីបរិយាកាសភូមិសាស្ត្រនយោបាយសកលកាន់តែស្មុគស្មាញក៏ដោយ។
ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង ជឿជាក់ថា តាមរយៈប្រាក់កម្ចីនេះវានឹងជួយឱ្យក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េខាងត្បូង អាចចូលទៅក្នុងទីផ្សារហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសហ្វីលីពីន និងតំបន់អាស៊ីអាគ្នេយ៍កាន់តែទូលំទូលាយ ព្រោះមានតែក្រុមហ៊ុនសាងសង់កូរ៉េខាងត្បូងប៉ុណ្ណោះដែលអាចមានសិទ្ធិដេញថ្លៃសម្រាប់គម្រោងទាំងនេះ៕
ដោយៈ សរ សុជាតិ