នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា ដែលបានដាក់ស្នើលាលែងពីតំណែងរបស់ខ្លួនទៅហើយកាលពីដើមសប្តាហ៍នេះ។ ការលើកឡើងពីរដ្ឋមន្ត្រីរូបនេះ ធ្វើឡើងនៅក្រោយពីមើលឃើញថា ស្ថិរភាពនយោបាយនិងសង្គមកាន់តែអាក្រក់ទៅៗ ស្របពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានកំពុងបន្តអូសបន្លាយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជាមួយនឹងទុនបំរុង រូបិយបណ្ណបរទេសធ្លាក់ចុះយ៉ាងឆាប់រហ័ស ការទូទាត់បំណុលច្រើនសម្បើមក៏ចូលដល់ថ្ងៃកំណត់ អ្នកវិភាគនិយាយថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយត្រកូល Rajapaksa កំពុងអស់ជម្រើស និងដើរដល់ផ្លូវទាល់ច្រកហើយ។ ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ទុនបម្រុងរបស់ខ្លូនបានធ្លាក់ចុះ ១៦% មកនៅត្រឹមជិត២ពាន់លានដុល្លារក្នុងខែមីនា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Ali Sabry ដែលបានដាក់ពាក្យលាលែងពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា រដ្ឋាភិបាលត្រូវតែរៀបចំរចនាសម្ព័ន្ធបំណុល ចំនួន១ពាន់លានដុល្លារ ឡើងវិញមុនថ្ងៃកំណត់ដែលត្រូវសងក្នុងខែកក្កដាខាងមុខនេះ។ លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែបន្តទៅរកជំនួយពី IMF ហើយវាគ្មានដំណោះស្រាយផ្សេងដែលល្អជាងនេះ នោះទេ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាលោក Ali Sabry បានបន្ថែមថា ស្រីលង្កាត្រូវតែមានស្ថិរភាពនយោបាយ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិហិរញ្ញវត្ថុ ហើយក្រៅតែពី IMF ស្រីលង្កាក៏ត្រូវតែពិភាក្សាជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ»។
គួរជម្រាបថា ក្រោយគណៈរដ្ឋមន្ត្រីស្រីលង្កាបានបែកបាក់ ដោយសារការសុំលាលែងពីតំណែងជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលស្រីលង្កាកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសរំលាយសភាចោល ហើយអំពាវនាវឲ្យគ្រប់ភាគីនយោបាយបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បីសាមគ្គីគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ។
គណបក្សប្រឆាំង និងដៃគូមួយចំនួន បានច្រានចោលការអំពាវនាវនេះ។ មេដឹកនាំត្រកូល រ៉ាចាប៉ាកសា ទាំងពីរបានប្រកាសនៅសប្តាហ៍នេះហើយថា ពួកគេនឹងមិនចុះចេញពីតំណែងឡើយ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ក្រោមហេតុផលថា ពួកគេជាមនុស្សដែលទទួលខុសត្រូវចំពោះប្រទេសជាតិ មិនរត់ទៅណានោះទេ៕