ការផ្ដល់បន្ថែមទាំងចាស់ ទាំងថ្មីនេះ មន្ត្រីជាន់ខ្ពស់ចិនបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រទេសស្រីលង្កា ចំពេលដែលប្រទេសដីកោះមួយនេះ កំពុងមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ប្រទេសស្រីលង្កាបានឹងត្រូវសងបំណុលមានតម្លៃប្រហែល ៤ ពាន់លានដុល្លារក្នុងឆ្នាំនេះ រួមទាំងមូលបត្របំណុលអធិបតេយ្យភាពអន្តរជាតិចំនួន ១ ពាន់លានដុល្លារ ដែលនឹងផុតកំណត់នៅក្នុងខែកក្កដាខាងមុខនេះផងដែរ ខណៈទុនបម្រុងរបស់ប្រទេសនេះបានធ្លាក់ចុះមកនៅត្រឹមតែ ២ពាន់ ៣រយលានដុល្លារប៉ុណ្ណោះ គិតត្រឹមចុងខែកុម្ភៈឆ្នាំ២០២២ ពោលគឺបានធ្លាក់ចុះប្រហែល ៧០% ធៀបនឹងពីរឆ្នាំមុន។
ប្រទេសស្រីលង្កា ក៏កំពុងជួបបញ្ហាក្នុងការចំណាយលើការនាំចូលសម្ភារសំខាន់ៗដូចជា ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ព្រមទាំងបង្ខំឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ដោយសារកង្វះប្រេងឥន្ធនៈ សម្រាប់ផលិតថាមពលផងដែរ។
សូមជម្រាបថា ប្រទេសចិនគឺជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី ៤ របស់ប្រទេសស្រីលង្កា ដែលនៅពីក្រោយទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រទេសជប៉ុន។ ពោលគឺនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីដល់ស្រីលង្កាជាង ៥ ពាន់លានដុល្លារសម្រាប់ការសាងសង់ផ្លូវហាយវេ កំពង់ផែ ព្រលានយន្តហោះ និងរោងចក្រថាមពលធ្យូងថ្មជាដើម។
ជាមួយគ្នានេះ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបេយ៉ា រ៉ាចាផាកសា (Gotabaya Rajapaksa) បានស្នើឱ្យចិនជួយរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញផងដែរ កាលពីខែមករាកន្លងទៅ ប៉ុន្តែរហូតមកដល់ពេលចិនមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ។ យ៉ាងណាមិញ បើតាមប្រភពក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការទូទាត់សងទៅកាន់ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែលពី ៤០០ ទៅ ៥០០ លានដុល្លារនៅក្នុងឆ្នាំនេះ។
ប្រធានាធិបតីស្រីលង្កាកាលពីសប្ដាហ៍មុន បានអះអាងថា ស្រីលង្កានឹងធ្វើការជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចជាមួយនឹងមន្ត្រីរដ្ឋាភិបាល ដើម្បីពិភាក្សាគ្នានៅពាក់កណ្ដាលខែមេសាខាងមុខនេះ។
គួរជម្រាបថា ស្រីលង្កា គឺជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) ដែលជាផែនការរយៈពេលវែងក្នុងការផ្តល់មូលនិធិ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសចិនទៅកាន់ពិភពលោក ប៉ុន្តែប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិកបានហៅគំនិតផ្ដួចផ្ដើមរបស់ចិននេះថាជា "អន្ទាក់បំណុល" សម្រាប់ប្រទេសតូចៗ៕
អត្ថបទ៖ ស៊ើង និមល់