នាយករដ្ឋមន្រ្តីថ្មីស្រីលង្កា

ស្រីលង្ការកបាននាយករដ្ឋមន្រ្តីថ្មីហើយ ប៉ុន្ដែហាក់មិនសូវពេញចិត្តពីពលរដ្ឋ


ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa រកបាននាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពី បងប្រុសរបស់លោក គឺលោក ម៉ាហ៊ីនដា លាលែងចេញពីតំណែងនេះកាលពីដើមសប្ដាហ៍នេះ។ លោក រ៉ានីល វីកគ្រីមេសសីង (Ranil Wickremesinghe) ដែលជាអតីតនាយករដ្ឋមន្រ្តីកាលពីឆ្នាំ ២០១៥ ត្រូវបានជ្រើសតាំងឲ្យចូលកាន់តំណែងនាយករដ្ឋមន្ត្រីជំនួសលោក ម៉ាហ៊ីនដាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយអ្វីដែលឲ្យចាប់អារម្មណ៍នោះ នាយករដ្ឋមន្ត្រីថ្មីរូបនេះ គឺជាបេក្ខភាពមកពីគណៈបក្សប្រឆាំងនៅប្រទេសស្រីលង្កា។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
លោក រ៉ានីល វីកគ្រីមេសសីង (Ranil Wickremesinghe) ដែលជាអតីតនាយករដ្ឋមន្រ្តីកាលពីឆ្នាំ ២០១៥ ត្រូវបានជ្រើសតាំងឲ្យចូលកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីស្រីលង្កា
ដោយ

យោងតាមប្រភពបានឱ្យដឹងថា លោក រ៉ានីល វីកគ្រីមេសសីង មានអាយុ ៧៣ ឆ្នាំមកពីគណបក្សប្រឆាំង United National ដែលមាន​អាសនៈ​ត្រឹមតែ ១ អាសនៈប៉ុណ្ណោះ ក្នុងចំណោម ២២៥ អាសនៈនៅក្នុងសភារបស់ប្រទេសស្រីលង្ការ ។ ការ​ស្បថ​ចូល​កាន់​តំណែង​ជានាយករដ្ឋមន្ត្រី​របស់លោក Ranil មិន​បាន​បើក​ចំហ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ដោយសារ​ខ្លាច​មាន​ប្រតិកម្ម​ជា​សាធារណៈ ខណៈការ​តែងតាំង​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​ការ​លាលែង​របស់​​លោក Mahinda Rajapaksa ​កាល​ពី​ថ្ងៃ​ចន្ទ។

ប្រធានាធិបតីស្រីលង្កាលោក Gotabaya និង លោក Ranil បាន​បើក​កិច្ចពិភាក្សាបិទទ្វារមួយ ដែលបានពិភាក្សាគ្នាអំពីដោះស្រាយជាច្រើន ជុំវិញ​វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ដោយផ្តោតលើការកង្វះខាតប្រេងឥន្ធនៈ និង សម្ភារៈសំខាន់ៗផ្សេងទៀត ការដាច់ចរន្តអគ្គិសនី និង បញ្ហាទុនបម្រុង​អន្តរជាតិ​នៅសល់តិចជាង ៥០លានដុល្លារជាដើម។

ក៏ប៉ុន្តែ នៅប៉ុន្មានម៉ោងមុនការស្បថចូលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីថ្មី មេដឹកនាំសាសនាដ៏លេចធ្លោ ២ រូបបានប្រឆាំងនឹងការតែងតាំង​ររបស់ប្រធានាធិបតីលោក Gotabayaនេះ ។ បូជាចារ្យព្រះពុទ្ធសាសនាលោក អូម៉ាល សូប៊ីថា ធឺរ៉ូ (Omalpe Sobitha Thero) និង ប្រធានព្រះវិហារកាតូលិកនៃប្រទេសស្រីលង្កាលោក ចាឌីនណល ម៉ាល់ខម រ៉ែនជីត (Cardinal Malcolm Ranjith) បានប្រាប់សន្និសីទសារព័ត៌មានថា ការតែងតាំងបែបនេះ​មិនមែនជាដំណោះស្រាយ ដែលប្រជាជនចង់បាននោះទេ។

គួរបញ្ចាក់ថា បើទោះបីជាលោក Ranil មកពីគណបក្សប្រឆាំងក្តី ប៉ុន្តែទំនាក់ទំនងរបស់​ប្រធានាធិបតី និង នាយករដ្ឋមន្រ្តីថ្មីនេះ ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តនយោបាយជាមួយគ្នា​យ៉ាងជិតស្និទ្ធ។ លោក Ranil ត្រូវបានចោទប្រកាន់ពីបទអំពើពុករលួយជាច្រើន និង សំណុំរឿងព្រហ្មទណ្ឌ​ផ្សេងទៀតពាក់ព័ន្ធជាមួយនឹងគ្រួសារ​លោកប្រធានាធិបតីស្រីលង្កា Gotabaya នៅពេលលោក Ranil នៅធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩។

មេធាវីនាំមុខខាងសិទ្ធិមនុស្ស និងជាអ្នកតស៊ូមតិលោកស្រី Ambika បាននិយាយថា ការតែងតាំងនាយករដ្ឋមន្ត្រីនេះបង្ហាញថា ទោះបីជាមានការតវ៉ា និង ការទាមទារជាសាធារណៈឲ្យប្រធានាធិបតី​ស្រីលង្កាចុះចេញ​ពីតំណែងក៏ដោយ ក៏ប្រធានាធិបតីមិនមាន​ចេតនាចង់ចុះចេញពីតំណែងឡើយ ហើយកាន់តែព្យាយាមខ្លាំងឡើង ដើម្បីការពារអំណាចរបស់ខ្លួន ខណៈការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី​ថ្មី លោក Ranil នេះគឺជាការចុះកិច្ចព្រមព្រៀង ដើម្បីការពារផលប្រយោជន៍របស់លោក Gotabayaតែប៉ុណ្ណោះ។ នេះបើតាម​ការលើកឡើងរបស់មេធាវីនាំមុខខាងសិទ្ធិមនុស្ស និងជាអ្នកតស៊ូមតិលោកស្រី Ambika។

ទោះយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស្រីលង្កាលោកស្រី Julie Chung បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មី ហើយការតែងតាំងលោក Ranil ជានាយករដ្ឋមន្ត្រីយ៉ាងឆាប់រហ័សនេះ គឺជាជំហានដំបូងក្នុងការដោះស្រាយវិបត្តិ និងការលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេស។

គួររំលឹកថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចូលទៅក្នុងភាពចលាចលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសនេះខ្វះខាតទុនបម្រុងបរទេសដើម្បីនាំចូលប្រេងឥន្ទនៈ និង ស្បៀងអាហារសំខាន់ៗ ខណៈរដ្ឋាភិបាល​ប្រទេសដីកោះមួយនេះ​ក៏មាន​ជំពាក់បំណុលបរទេសជាច្រើនសន្ទឹកសន្ទាប់ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ លោក Mahinda Rajapaksa ដែលជាបងប្រុសបង្កើត​របស់លោក ប្រធានាធិបតី Gotabaya បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីក្រុមបាតុករបានចូលរួមតវ៉ា ជាច្រើនកោះក​រនៅមុខផ្ទះរបស់លោក ហើយហ្វូងប៉ូលីសបានវាយប្រហារក្រុមបាតុករដែលកំពុងទាមទារឲ្យ​មេដឹកនាំប្រទេស​ដែលជាបងប្អូនគ្នាបង្កើតទាំងពីរនាក់នេះ​ចុះចេញពីតំណែង។ ទន្ទឹមនឹងនេះ ប្រធានធនាគារកណ្តាលស្រីលង្កា បានគំរាមលាលែងពីតំណែង បន្ទាប់ពីបានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹង ដួលរលំទាំងស្រុង ប្រសិនបើស្ថិរភាពនយោបាយមិនត្រូវ​បានធានា ហើយរដ្ឋាភិបាលថ្មីមិនត្រូវបានតែងតាំងក្នុងពេលឆាប់ៗនេះទេនោះ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


វិបត្តិប្រេងឥន្ធនៈនៅឡាវ៖ សាំងមួយលីត្រតម្លៃជិត២ដុល្លារ ខណៈពលរដ្ឋតម្រង់ជួរចាំចាក់

តម្លៃប្រេងនៅប្រទេសឡាវក្នុងថ្ងៃសុក្រទី១៣ឧសភានេះ បើគិតជាប្រាក់រៀលបានហក់ឡើងដល់៧៥០០រៀលក្នុងមួយលីត្រ ហើយអាជ្ញាធរថែមទាំងដាក់កំណត់ថា ក្នុងពលរដ្…

អាជីវកម្មកាស៊ីណូនៅតាមព្រំដែន មានក្ដីសង្ឃឹមឡើងវិញ ក្រោយព្រំដែនជាមួយប្រទេសជិតខាងបើកឲ្យពលរដ្ឋធ្វើដំណើរឡើងវិញ

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះកម្ពុជា និងថៃបានឯកភាពគ្នាបន្ធូរបន្ថយវិធានការកូវីដ-១៩ និងបើកច្រកព្រំដែនអន្តរជាតិឲ្យប្រជាពលរដ្ឋរវាងប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ