អ្នកនាំពាក្យខុទ្ទកាល័យ និងរដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្ការ លោករ៉ាមេស ផាធីរីណា (Ramesh Pathirana) បាននិយាយថា ប្រទេសស្រីលង្កា បានស្វែងរកជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិជាច្រើនដងមកហើយកាលពីពេលកន្លងទៅ ហើយឥឡូវនេះ ស្រីលង្កានៅតែបើកចំហចំពោះជម្រើសដើម្បីការពិភាក្សាជាថ្មីជាមួយស្ថាប័នអន្តរជាតិមួយនេះ ដើម្បីទទួលបានហិរញ្ញប្បទានក្នុងការសង្គ្រោះវិបត្តិសេដ្ឋកិច្ច។
ទុនបម្រុងអន្តរជាតិរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះមកនៅត្រឹមជាង ២ ពាន់លានដុល្លារអាមេរិក ដោយប៉ះពាល់ដល់ការនាំចូលទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ស្របពេលដែលអតិផរណាក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរនោះ។
ប្រទេសដីកោះមួយនេះ មានប្រជាជន ២២ លាននាក់ បច្ចុប្បន្នប្រឈមនឹងកាតព្វកិច្ចសងបំណុលប្រហែល ៤ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយមេដឹកនាំបក្សប្រឆាំង ក៏ដូចជាអ្នកសេដ្ឋកិច្ចកំពុងជំរុញរដ្ឋាភិបាលឱ្យស្វែងរកជំនួយបន្ថែមពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីដោះស្រាយនូវវិបត្តិបំណុលនេះផងដែរ។
មន្ត្រីជាន់ខ្ពស់ស្រីលង្កាបាននិយាយថា រដ្ឋាភិបាលកំពុងបើកចំហរទ្វារសម្រាប់ការទំនាក់ទំនងជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដៃគូដែលអ្នកផ្ដល់កម្ចីពហុភាគី ក៏ដូចជាធនាគារអភិវឌ្ឍអាស៊ីជាដើម។
សមាជិកបក្សប្រឆាំងមួយចំនួននៅស្រីលង្ការបានជំរុញឱ្យរដ្ឋាភិបាលរៀបចំកិច្ចប្រជុំសភាអំពីការវាយតម្លៃរបស់ IMF នាពេលខាងមុខអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងប្រទេសស្រីលង្ការផ្ទាល់ ដោយសមាជិកសភាគណបក្សប្រឆាំងបាននិយាយថា វាចាំបាច់ណាស់ដែលរដ្ឋាភិបាលរៀបចំឯកសារនេះនៅចំពោះមុខសភា ហើយបញ្ជាក់យ៉ាងច្បាស់អំពីផែនការរបស់ពួកគេសម្រាប់ការដោះស្រាយវិបត្តិនេះប្រកបដោយនិរន្តរភាព។
ជាបន្ទុកផ្ទួនៗគ្នា ស្របពេលដែលសេដ្ឋកិច្ចកាន់តែដុនដាបទៅ ស្តុកឥន្ធនៈនៅក្នុងប្រទេសស្រីលង្ការមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។ ដូច្នេះ អ្នកនាំពាក្យគណរដ្ឋមន្ត្រីស្រីលង្ការ បាននិយាយថា ធនាគារកណ្តាលត្រូវបានសម្រេចឱ្យបញ្ចេញមូលនិធិសម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈជាបន្ទាន់។ ប្រទេសស្រីលង្កាកំពុងព្យាយាមរៀបចំការបង់ប្រាក់ចំណាយចំនួន ៣៥ លានដុល្លារអាមេរិកសម្រាប់ការដឹកជញ្ជូនប្រេងម៉ាស៊ូតចំនួន ៤ម៉ឺនតោន ដែលនឹងបំពេញតម្រូវការបានតែក្នុងរយៈពេលប្រហែល ៦ ថ្ងៃប៉ុណ្ណោះ។
យ៉ាងណាមិញ ស្របពេលដែលមានការឡើងថ្លៃប្រេងពិភពលោកបន្ថែមទៀតនោះវានឹងដាក់សម្ពាធកាន់តែធ្ងន់ទៅដល់ស្ថានភាពសេដ្ឋកិច្ចប្រទេសស្រីលង្ការ។ បញ្ហាកង្វះប្រេងឥន្ធនៈ កំពុងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសនេះផងដែរ ហើយនិយ័តករថាមពលបានព្រមានថា នឹងអាចមានការកាត់ផ្ដាច់ភ្លើងប្រហែល៥ ទៅ៦ម៉ោងក្នុងមួយថ្ងៃផងដែរ ហើយបញ្ហានឹងកាន់តែធ្ងន់ធ្ងរជាងនេះ រហូតដល់មានការបង្កើនការផលិតថាមពលនៅតាមរោងចក្រឡើងវិញ៕
អត្ថបទ ស៊ើង និមល់