អ្នកនាំពាក្យខុទ្ទកាល័យ និងរដ្ឋមន្ត្រីដឹកជញ្ជូនលោក បេនឌូឡា ហ្គូណាវ៉ាដាណា (Bandula Gunawardana) បាននិយាយថា អ្នកទេសចរមកពីប្រទេសចំនួន៣៥ នឹងត្រូវលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃ ក្រោមកម្មវិធីសាកល្បងរយៈពេល៦ខែ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែតុលា តទៅ។
លោក ហ្គូណាវ៉ាដាណា បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា បំណងរបស់រដ្ឋាភិបាល គឺដើម្បីប្រែក្លាយស្រីលង្កា ទៅជាប្រទេសលើកលែងទិដ្ឋាការដូចសិង្ហបុរី ថៃ និងវៀតណាម ដូច្នោះដែរ ដើម្បីទាញយកអត្ថប្រយោជន៍ពីឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសព្វថ្ងៃនេះ។
ប្រទេសទាំង៣៥ ដែលស្រីលង្កានឹងលើកលែងទិដ្ឋាការនោះ រួមមាន ប្រទេសនៅតំបន់អាស៊ី មានចិន និងឥណ្ឌាជាដើម នៅសហភាពអឺរ៉ុប និងអឺរ៉ុបកណ្ដាល និងនៅតំបន់មជ្ឈិមបូព៌ាព្រមទាំងនៅតំបន់អាស៊ានមានឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី ផងដែរ។
ប្រទេសស្រីលង្កា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរ ចំនួន២,៣លាននាក់ នៅឆ្នាំនេះ។ តាមទិន្នន័យថ្មីបំផុតរបស់អាជ្ញាធរអភិវឌ្ឍស្រីលង្កា បានបង្ហាញថា ឥណ្ឌាគឺជាប្រភពអ្នកទេសចរដ៏ធំបំផុតសម្រាប់ស្រីលង្កាដោយពលរដ្ឋឥណ្ឌាជាង២៤ម៉ឺននាក់ បានទៅលេងប្រទេសកោះនេះ បន្ទាប់មក គឺចក្រភពអង់គ្លេស មានចំនួនជាង១២ម៉ឺននាក់ គិតត្រឹមឆមាសទីមួយឆ្នាំនេះ។
បើតាមធនាគារកណ្តាលស្រីលង្កា បានឱ្យដឹងថា ប្រទេសស្រីលង្កា រកចំណូលបាន១ពាន់៥រយលានដុល្លារពីវិស័យទេសចរណ៍ក្នុងឆមាសទីមួយឆ្នាំ២០២៣ ដោយកើនឡើងពីចំនួន៨៧៥ លានដុល្លារក្នុងពេលដូចគ្នាកាលពីឆ្នាំ២០២២៕
អត្ថបទ៖ សុខ មង្គល