លោក Gotabaya បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter អំពីខ្លឹមសារនៃកិច្ចសន្ទនារបស់លោកជាមួយមេដឹកនាំរុស្ស៊ីថា លោកបានស្នើសុំការផ្តល់ជំនួយឥណទាន ដើម្បីនាំចូលឥន្ធនៈពីទីក្រុងម៉ូស្គូ។ លោក Gotabaya បានគូសបញ្ជាក់ថា លោកបានបញ្ចាប់កិច្ចពិភាក្សាប្រកបដោយភាពវិជ្ជមានជាមួយលោកពូទីនប្រធានធិបតីរុស្ស៊ី។ ប្រធានាធិបតីស្រីលង្ការូបនេះក៏បានបន្ថែមថា លោកបានដាក់សំណើរសម្រាប់ជើងហោះហើររវាងទីក្រុងមូស្គូ និង កូឡុំបូ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានផ្អាកសេវាកម្មកាលពីខែមុនផងដែរ។ លោកបាននិយាយថា លោកបានឯកភាពគ្នាជាឯកច្ឆ័ន្ទជាមួយរុស្ស៊ីអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យមួយចំនួនដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ខណៈវាជាកត្តាក៏សំខាន់បំផុតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
មែនទែនទៅ កិច្ចពិភាក្សានេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីថាមពលរបស់ប្រទេសស្រីលង្កាបានព្រមានកាលពីចុងសប្តាហ៍មុនថា ប្រទេសនេះអាចនឹងអស់ប្រេងសាំងប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ខណៈមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដើរតាមដងផ្លូវនៃរដ្ឋធានីកូឡុំបូ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលស្រីលង្ហាផងដែរ។
គួរកត់សម្គាល់ថា ប្រទេសនេះបានស្នើសុំទិញប្រេងពីរុស្ស៊ីជាច្រើនដងមកហើយក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយជំរុញការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងអំឡុងពេលមានវិបត្តិ ហើយរដ្ឋាភិបាលបានផ្តល់សញ្ញាថា ខ្លួនមានឆន្ទៈក្នុងការទិញបន្ថែមទៀតពីទីក្រុងម៉ូស្គូ។
យ៉ាងណាមិញ ការតាំងចិត្តរបស់លោក Gotabaya ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាហាក់មិនទាន់មានភាពប្រសើរឡើងនៅឡើយទេ ខណៈរហូតមកដល់ពេលនេះនៅតែបរាជ័យក្នុងការបញ្ចប់ការខ្វះខាតប្រេងឥន្ធនៈ ថាមពល អាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត។
តួរយ៉ាង កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីថាមពលលោក Kanchana Wijesekera បាននិយាយថា ប្រទេសនេះនៅសល់សាំងសម្រាប់ផ្គត់ផ្គងតិចជាងមួយថ្ងៃប៉ុណ្ណោះ៕