អ្នកស្រី ជា សុខលាង អគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ បានផ្តល់បទសម្ភាសខ្លីដល់សារព័ត៌មានខេមបូណូមីសថា ក្រុមហ៊ុនរបស់អ្នកស្រី បានជ្រើសរើសបុគ្គលិកដោយផ្អែកលើចំណុចសំខាន់ចំនួនពីរ គឺ ទេពកោសល្យ និង ភាពស្មោះត្រង់។
អ្នកជំនួញវ័យ៣៤ឆ្នាំរូបនេះ ពន្យល់យ៉ាងដូច្នេះថា៖ «វាជាការផលលំបាកដែរ ព្រោះកន្លងមក និស្សិតជាច្រើន ចេញពីសាលា គាត់ថា អត់ការងារធ្វើ។ ដោយឡែក ក្រុមហ៊ុនវិញ គាត់ថា រើសបុគ្គលិកមិនបាន។ សម្រាប់ ក្រុមហ៊ុនខ្ញុំ ខ្ញុំឲ្យឱកាសច្រើនលើទេពកោសល្យ និង ភាពស្មោះត្រង់។ ខ្ញុំនឹងយកពួកគេ មកបណ្តុះបណ្តាល ព្រោះ ខ្ញុំជឿថា នរណាក៏អាចរៀនបានដែរ»។
អ្នកជំនួញពហុវិស័យរូបនេះ បានបន្ថែមថា៖ «ដូច្នេះ ខ្ញុំឲ្យឱកាសគាត់ បណ្តុះបណ្តាលគាត់។ ធ្វើរបៀបនេះ វាចាយពេល។ ប៉ុន្តែ ភាគច្រើនមិនសូវខុសនោះទេ។ យើងដាក់គាត់ ឲ្យធ្វើការចំទេពកោសល្យរបស់គាត់ និង រៀបចំយុទ្ធសាស្រ្តឲ្យគាត់នៅជាមួយយើងបានយូរ»។
បើតាមសហគ្រិនស្ត្រីរូបនេះ បើសិនបុគ្គលិក ចាកចេញពីក្រុមហ៊ុនរបស់ខ្លួន នៅពេលមានសមត្ថភាពទៅបើកអាជីវកម្មផ្ទាល់ខ្លួន អ្នកស្រី មានតែការគាំទ្រ និង ជួយជំរុញ ឬ សហការជាមួយពួកគេ ដើម្បីឲ្យពួកគេអាចបើកក្រុមហ៊ុនដោយខ្លួនឯង ព្រោះ នេះវប្បធម៌ធ្វើការថ្មីរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖ «នៅពេលគាត់មានសមត្ថភាព ហើយចង់បង្កើតអាជីវកម្មខ្លួនឯង យើងគ្មានគំនិតអាក់អន់ស្រពន់ចិត្ត ថា គាត់ចេញពីយើងទៅធ្វើអ្វីផ្សេងនោះទេ។ កន្លែងណាដែលយើងគិតថា គាត់អាច Growth បាន យើងរុញគាត់ និង គាំទ្រគាត់ ព្រោះ នៅពេល Business គាត់ Growth គាត់នឹង Support យើងវិញ ព្រោះ គាត់ចេញពីប្រភពតែមួយ។ នៅក្នុងសង្គម Business យើងត្រូវ Support គ្នា មិនមែន compete គ្នានោះទេ។ នេះជា Model របស់ខ្ញុំ»៕