មានអ្នកជំនួញ២រូប បានស្រាយចម្ងល់របស់លោកអ្នកនាង ដោយអះអាងថា អ្នកគួរតែចាប់ផ្តើមអាជីវកម្មតាំងពីវ័យក្មេងទៅ ពីព្រោះវាបង្កើតនូវឱកាសជាច្រើនសម្រាប់អ្នក និងជាការរៀនសូត្រដ៏ល្អបំផុតសម្រាប់ទទួលបានជោគជ័យក្នុងពិភពជំនួញ។
លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ជាម្ចាស់ក្រុមហ៊ុន Luxury Smile និងជាម្ចាស់ហាងកាហ្វេ MONSNE បានឲ្យយោបល់ថា ប្រសិនបើអ្នកមានឆន្ទៈ មានថវិកា និងមានអ្វីគ្រប់យ៉ាងដែលអាចផ្តើមអាជីវកម្មរួចហើយ គឺគួរតែសាកល្បង។
លោកឧកញ៉ាវ័យ២៨ឆ្នាំរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ការចាប់ផ្តើមអាជីវកម្ម មិនមែនសំខាន់តែលើវ័យក្មេង ឬចាស់នោះទេ សំខាន់ អាស្រ័យលើការរៀនសូត្រ រៀនបទពិសោធន៍ពីអ្នកដទៃ និងការវិនិយោគលើខ្លួនឯង។ បើមានឆន្ទៈ គោលបំណង និងអ្វីៗគ្រប់យ៉ាងហើយ គួរតែសាកល្បង ទោះជួបបញ្ហានៅរយៈពេលដំបូង យើងត្រូវហ៊ានប្រឈមមុខក្នុងការដោះស្រាយ»។
លោកឧកញ៉ាក្មេងបន្ថែមថា មុននឹងចាប់ផ្តើមជំនួញ មិនមែនគិតតែលើឆន្ទៈ និងការស្រឡាញ់ប្រភេទអាជីវកម្មនោះទេ ប៉ុន្តែ អ្នកគួរតែមើលចរន្តទីផ្សារ និងតម្រូវការទីផ្សារផងដែរ។ លោកពន្យល់ថា ប្រសិនបើអ្នកធ្វើមុខជំនួញណា ដែលទីផ្សារមិនពេញនិយមនិងមិនឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ វានឹងប្រឈមនឹងការបិទទ្វារ។
ចំណែក អ្នកជំនួញថ្មីថ្មោងម្នាក់ទៀត លោក ចាន់ បូរីម៉ា ម្ចាស់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ Nham24 បាននិយាយថា សហគ្រិនគួរតែចាប់ផ្តើមអាជីវកម្មក្នុងវ័យនៅក្មេង ជាជាងចំណាយពេលធ្វើការឲ្យគេយូរពេក ដែលធ្វើឲ្យខាតពេលវេលាអភិវឌ្ឍខ្លួន និងបាត់បង់ឱកាសជាច្រើននៅក្នុងពិភពជំនួញ។
លោក ចាន់ បូរីម៉ា ដែលមានវ័យ៤២ឆ្នាំ បានរ៉ាយរ៉ាប់ប្រាប់សារព័ត៌មានអនឡាញ ខេមបូណូមីស ដូច្នេះថា៖ «ខ្ញុំចង់ឲ្យសហគ្រិន បើកអាជីវកម្មនៅក្មេង។ នៅពេលរៀនមហាវិទ្យាល័យ គួរតែធ្វើការបណ្តើររៀនបណ្តើរដើម្បីយកបទពិសោធន៍ និងយកថវិកាផ្គត់ផ្គង់ការសិក្សា។ ប៉ុន្តែ ពេលរៀនចប់ គួរធ្វើការឲ្យគេតែ២ឬ៣ឆ្នាំបានហើយ កុំធ្វើការឲ្យគេយូរពេក ព្រោះ ទោះបីយើងនៅក្មេង តែយើងអាចរៀនសូត្រពីអ្នកដទៃ និងការងាររបស់ខ្លួនបាន»។
កន្លងមក លោក ចាន់ បូរីម៉ា មានការសោកស្តាយដែលធ្វើជាបុគ្គលិកគេអស់រយៈពេល២០ឆ្នាំ ដោយគ្មានពេលវេលាបើកអាជីវកម្ម។ លោកថ្លែងថា៖ «ខ្ញុំសោកស្តាយ ព្រោះដំបូងខ្ញុំគិតថា ធ្វើការឲ្យគេ២ឬ៣ឆ្នាំសិន ចាំបើកអាជីវកម្ម តែពេលធ្វើការយូរទៅ ចេះតែជោគជ័យ ប្រាក់ខែឡើងរាប់ពាន់(៦០០០ដុល្លារ) គេទិញឡានឲ្យជិះ ចេះតែសប្បាយនឹងភាពជោគជ័យ ដកខ្លួនមិនរួចអស់រយៈពេល២០ឆ្នាំ ទើបសម្រេចចិត្តដកខ្លួនមកបើកអាជីវកម្មខ្លួនឯង ទើបតែបានជាង១ឆ្នាំ»៕