លោក ង៉ូវ ជីតុង ម្ចាស់ដេប៉ូដែកកាយ៉េ តុង ធារី បានសង្កេតឃើញថា តម្លៃដែកនៅកម្ពុជានៅមួយរយៈចុងក្រោយនេះ ពិតជាបានបន្តឡើងថ្លៃជាបន្តបន្ទាប់ ជាក់ស្តែង ដេប៉ូរបស់លោកផ្ទាល់ តម្លៃដែកបានហក់ឡើងថ្លៃខ្ពស់ជាងមុនក្នុងចន្លោះ ពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុង១តោន ពោលតម្លៃបានហក់ឡើងចន្លោះពី ៧០០ដុល្លារ ទៅ ៨០០ដុល្លារក្នុង១តោនទៅតាមប្រភេទដែក។ ដែកឡើងថ្លៃ គួបផ្សំកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការលក់ដែករបស់ដេប៉ូដែកកាយ៉េ តុង ធារី បានធ្លាក់ចុះយ៉ាងគំហុកប្រមាណ៧០% ឯណោះ។ នេះបើតាមការអះអាងរបស់លោក ង៉ូវ ជីតុង។
ជាមួយគ្នានេះ លោក តុង ម៉េង ប្រធានផ្នែកលក់របស់ក្រុមហ៊ុនដែក តាំង ម៉េងរ័ត្ន បានបញ្ជាក់ថា តម្លៃដែកនៅក្រុមហ៊ុនរបស់លោកនៅមួយរយៈចុងក្រោយ ក៏បានឡើងថ្លៃចន្លោះពី២០ទៅ៣០%នៅក្នុង១តោនផងដែរ។ លោកអះអាងថា ការឡើងថ្លៃនេះ គឺដោយសារវត្ថុធាតុដើមដែលក្រុមហ៊ុនលោកនាំចូលពីក្រៅប្រទេស ដើម្បីយកមកផលិតដែកមានការឡើងថ្លៃ។ តម្លៃដែកហក់ឡើងថ្លៃខ្លាំងនេះ ក៏បានបានធ្វើឲ្យបរិមាណលក់នៅក្រុមហ៊ុននេះ ក៏មានការថមថយផងដែរ។
មិនមែនមានតែដេប៉ូ និងក្រុមហ៊ុនលក់ចែកចាយដែកប៉ុណ្ណោះទេ ដែលជួបបញ្ហាធ្លាក់ចុះការលក់ដោយសារតម្លៃដែកឡើងថ្លៃនេះ សូម្បីអ្នករកស៊ីលើវិស័យម៉ៅការសាងសង់ផ្ទះ និងសំណង់អគារផ្សេងៗ ក៏កំពុងឈឺក្បាលវិលមុខដោយសារបញ្ហានេះដែរ។ ព្រោះការឡើងថ្លៃដែកយ៉ាងគំហុកនេះ អាចធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលមួយចំនួន ហើយអតិថិជនថ្មី ក៏ហាក់មានចិត្តរារែកក្នុងការជួលសេវាពីពួកគេផងដែរ។
លោក ថូ ដុល្លារ៉ូ ម្ចាស់ក្រុមហ៊ុនម៉ៅការ រិននី ខនស្រ្កាក់សិន(RINNY Construction)សង្កេតឃើញថា បញ្ហាដែកឡើងថ្លៃខ្លាំង កំពុងធ្វើឲ្យលោកប្រឈមនឹងខាតបង់ប្រាក់ចំណូល និងការខកខានទទួលគម្រោងអភិវឌ្ឍន៍ថ្មីៗមួយចំនួនផងដែរ។ កត្តាដែលធ្វើឲ្យក្រុមហ៊ុនអាចប្រឈមនឹងខាតបង់ប្រាក់ចំណូល ដោយសាររាល់គម្រោង ដែលក្រុមហ៊ុននេះទទួលសាងសង់កន្លងមក គឺវាយតម្លៃពេលតម្លៃដែក និងសម្ភារសំណង់មួយចំនួនមិនទាន់ឡើងថ្លៃខ្លាំង។
ជាមួយគ្នានេះ លោក សុខ ឡៃ អ្នកចាត់ការទូទៅក្រុមហ៊ុនពិស្ណុការបានអះអាងប្រហាក់ហែលគ្នាថា បញ្ហាតម្លៃដែកឡើងថ្លៃនេះ ប្រាកកណាស់ វានឹងធ្វើឲ្យក្រុមហ៊ុនពិស្ណុការប្រឈមនឹងខាតបង់ប្រាក់ចំណូលមួយចំនួនពីគម្រោង ដែលក្រុមហ៊ុនបានទទួលសាងសង់នាពេលកន្លង។ តែយ៉ាងណា លោកអះអាងថា បញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ក្រុមហ៊ុនលោកនោះទេ ហើយបច្ចុប្បន្នក្រុមហ៊ុនក៏មិនសូវមានគម្រោងថ្មីៗត្រូវអភិវឌ្ឍនោះដែរ។
មិនមែនមានតែកម្ពុជានោះទេ
ដែលតម្លៃដែកឡើងថ្លៃ សូម្បីប្រទេសក្បែរខាងវៀតណាម
ដែលជាប្រទេសនាំចេញដែកដ៏មួយនៅតំបន់អាស៊ាន ក៏កំពុងជួបបញ្ហាដែកឡើងថ្លៃចន្លោះពី
៤០ទៅ៥០%ផងដែរ។ តម្លៃដែកឡើងថ្លៃនេះ ត្រូវបានគេកត់សម្គាល់ឃើញថា
កើតឡើងក្រោយមានតម្រូវការដែកខ្ពស់ពីប្រទេសធំៗមួយចំនួននៅលើពិភពលោក បន្ទាប់ពីវិស័យសេដ្ឋកិច្ចនិងសំណង់នៅប្រទេសទាំងនោះមានស្ថានភាពល្អឡើងវិញ។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក នៅ៤ដើមឆ្នាំ២០២១ ការនាំចូលដែលថែបរបស់កម្ពុជាកើនឡើងជាង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕