បើតាមទិន្នន័យពីផ្សារមូលបត្រកម្ពុជាបង្ហាញថា នៅរយៈពេល ៤ខែដំបូង ក្នុងឆ្នាំ២០២២នេះ ទំហំជួយដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងផ្សារបានកើនដល់ជាង ១លានដុល្លារអាមេរិកក្នុងមួយថ្ងៃ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ មានទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានត្រឹមតែជាង ២៧ម៉ឺនដុល្លារ ប៉ុណ្ណោះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅប៉ុន្មានខែដើមឆ្នាំ២០២២នេះ តម្លៃនៃការជួញដូរភាគហ៊ុនប្រចាំថ្ងៃក្នុងវិស័យផ្សារមូលបត្រកម្ពុជាមានការឡើងចុះជាធម្មតា តែសកម្មភាពនៃការជួញដូរ ហាក់មានភាពវិជ្ជមានជាងអំឡុងដើមឆ្នាំ២០២១។ បើតាមការកត់សម្គាល់របស់អ្នកជំនាញក្នុងវិស័យទីផ្សារមូលបត្ររូបនេះ បើទោះជាចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីថ្មី ក្នុងឆ្នាំ២០២២ ទើបតែមាន ១ក្រុមហ៊ុន ក៏ដោយចុះ តែទំហំនៃការជួញដូរប្រចាំថ្ងៃជាមធ្យមបានកើនឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុនវិនិយោគអន្តរជាតិដ៏ល្បីមួយរបស់អាមេរិក គឺ Morgan Stanley បានទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងទឹកប្រាក់ទំហំជាង ៤០លានដុល្លារឯណោះ ដែលធ្វើឲ្យទីផ្សារមូលបត្រកម្ពុជា កាន់តែមានភាពរឹងមាំ និងរីកចម្រើន។
បើតាមឯកឧត្តម ហុង សុហួរ នៅរយៈពេល ៤ខែ ឆ្នាំ២០២២នេះ មានក្រុមហ៊ុនថ្មីតែមួយក្រុមហ៊ុន ប៉ុណ្ណោះ ដែលបានមកចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា ខណៈក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា ធ្លាប់មានក្ដីរំពឹងថា នឹងមានក្រុមហ៊ុនថ្មីបន្ថែមចំនួន៨ មកចុះបញ្ជី នៅឆ្នាំ២០២២នេះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម ហុង សុហួរ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមទៅលើវិស័យផ្សារមូលបត្រកម្ពុជា ដោយលោកបន្តថា សកម្មភាពនៃការជួញដូរក្នុងវិស័យនេះ កាន់តែមានភាពរីកចម្រើន ពិសេសការចូលរួមពីក្រុមវិនិយោគក្នុងស្រុកតែម្ដង។
តាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនវិនិយោគអន្តរជាតិ Morgan Stanley ទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ក្នុងតម្លៃជាង ៤០លានដុល្លារនាពេលថ្មីៗនេះ គឺដោយសារតែក្រុមហ៊ុនអន្តរជាតិដ៏ធំមួយនេះ សម្លឹងឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការលូតលាស់នៃធនាគារ អេស៊ីលីដា ភីអិលស៊ី តែម្ដង។
ចំណែកលោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន អេស៊ីលីដា ស៊ីកខ្យូរីធី បានគូសបញ្ជាក់ថា ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមប្រចាំថ្ងៃសម្រាប់ភាគហ៊ុនធនាគារអេស៊ីលីដា នៅឆ្នាំ២០២២នេះ មានប្រមាណ ៣៣ម៉ឺនហ៊ុន ដែលមានការកើនឡើងជិត៥ដង បើប្រៀបនឹងទំហំជួញដូរប្រចាំថ្ងៃ ក្នុងឆ្នាំ២០២១។ រីឯ ទំហំជួញដូររយៈពេល ៤ខែ ក្នុងឆ្នាំ២០២២នេះ មានទំហំជាង ២៧លានហ៊ុន កើនឡើងដល់ទៅ៧ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនៃទំហំជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ត្រូវបានលោកកត់សម្គាល់ឃើញថា គឺបន្ទាប់ពីក្រុមហ៊ុនវិនិយោគអន្តរជាតិដ៏ធំមួយរបស់អាមេរិក Morgan Stanley បានទិញភាគហ៊ុនពីធនាគារអេស៊ីលីដាក្នុងតម្លៃជាង៤០លានដុល្លារ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៥ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន ដែលក្នុងនោះមាន ៩ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៦ក្រុមហ៊ុនបានចុះបញ្ជីជាសញ្ញាបណ្ណ។ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា វិស័យផ្សារមូលបត្រនៅកម្ពុជា នៅតែមានភាពរឹងមាំនឹងបន្តកើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំនៃការជួញដូរជាមធ្យមបានកើនឡើងរហូត ២៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ៕