ការធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់ប្លុកប្រទេស BRICS នៅក្នុងឆ្នាំ២០២៤ ដែលគ្រោងធ្វើឡើងក្នុងអំឡុងខែតុលា ខាងមុខនេះ នៅតំបន់កាហ្សាន (Kazan) ប្រទេសរុស្ស៊ី។
កិច្ចប្រជុំកំពូលលើកទី១៦នេះ នឹងមានការប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤ប្រទេសទៀតទៅក្នុងប្លុកប្រទេស BRICS រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេសអេហ្ស៊ីប ប្រទេសអ៊ីរ៉ង់ និងប្រទេសអេត្យូពី។ ចំណែកឯប្រទេសអារ៉ាប៊ីសាអូឌីត ក៏អាចនឹងចូលរួមដែរ ពោលគឺរង់ចាំតែប្រទេសនេះព្រមព្រៀងប៉ុណ្ណោះ។
ប្រសិនបើអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសស្ដេចប្រេងព្រមព្រៀងចូលជាសមាជិក នៃប្លុកប្រទេស BRICS គំនិតផ្ដួចផ្ដើម ឬចលនាធ្វើបដិដុល្លារនីយកម្ម (De-dollarization) នឹងរីកកាន់តែធំ ហើយកាន់តែរឹងមាំ។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីដាក់សម្ពាធលើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងធ្វើឱ្យប្រទេសទាំងនោះបង្ខំចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រាក់ដុល្លារ ម្ដងមួយៗ និងស្វែងរកមធ្យោបាយជំនួសសម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ហើយប្លុកប្រទេស BRICS កំពុងបំពេញចន្លោះប្រហោងនេះ និងជួយប្រទេសទាំងនោះឱ្យរស់រានមានជីវិតដោយមិនចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិឡើយ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ពិភពលោកកត់សម្គាល់ឃើញថា ការប្រើប្រាស់ទណ្ឌកម្ម ដើម្បីដាក់សម្ពាធលើប្រទេសផ្សេងៗអាចធ្វើឱ្យសហរដ្ឋអាម៉េរិក ខាតបង់ធ្ងន់ធ្ងរ ខណៈដែលពិភពលោកកំពុងសម្លឹងរកឱកាសធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់ប្រាក់ដុល្លារ សម្រាប់ទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីពង្រឹងរូបិយប័ណ្ណក្នុងស្រុក និងសេដ្ឋកិច្ចជាតិរបស់ខ្លួន។
មិនយូរប៉ុន្មានក្រោយពីមានចលនាធ្វើបដិដុល្លារនីយកម្ម និងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិក មានប្រទេសថ្មីមួយទៀត គឺ វេណេស៊ុយអេឡា បានប្រកាសឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកជាផ្លូវការសម្រាប់ការធ្វើពាណិជ្ជកម្មប្រេង។ ការសម្រេចចិត្តងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ប្រតិបត្តិការទូទាត់ពាណិជ្ជកម្មឆ្លងដែន ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិកនេះ គឺទទួលឥទ្ធិពលពីប្លុកប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង)។
សូមបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡា បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ហើយសង្ឃឹមថា នឹងទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកនេះនៅខែតុលា ខាងមុខ។ហើយចាប់ពីឆ្នាំ២០២៥ ទៅមុខ ប្លុកប្រទេស BRICS អាចនឹងបង្កបញ្ហាប្រឈមដ៏ធំដល់រូបិយប័ណ្ណដុល្លារអាម៉េរិក ខណៈប្លុកនេះកំពុងពន្លឿនបេសកកម្មធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិកនៅក្នុងការទូទាត់ពាណិជ្ជកម្មទូទាំងពិភពលោក ហើយនឹងគាស់រម្លើងអនុត្តរភាព ឬអានុភាពលើសលប់ផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច។
ដូច្នេះ ថាតើ ប្លុកប្រទេស BRICS នឹងអាចផ្តួលរំលំ ឬធ្វើឱ្យរូបិយប័ណ្ណដុល្លារអាម៉េរិកធ្លាក់ចុះខ្សោយឥទ្ធិពលនៅប៉ុន្មានឆ្នាំខាងមុខបានឬយ៉ាងណានោះ គឺមានតែពេលវេលាទេ ដែលអាចបញ្ជាក់ការពិត៕
ដោយ: តែម សុខុម