
ប៉ុន្តែ ជាទស្សនៈរបស់ខ្ញុំ ខ្ញុំមិនគាំទ្រដល់ការឲ្យលុយអ្នកសុំទាននៅតាមផ្លូវទេ ដោយខ្ញុំមានហេតុផល និងសំណួរដូចតទៅ៖
១) ខ្ញុំគិតថា បើកាលណាយើងនាំគ្នាឲ្យលុយពួកគាត់ ក៏ដូចជំរុញឲ្យកើតមានអ្នកសុំទាននៅតាមដងផ្លូវកាន់តែច្រើន។
២) វាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅលើអ្នកសុំទាន ព្រោះពេលខ្លះ ខ្ញុំឃើញពេលអ្នកបើកបរម្នាក់ឲ្យលុយអ្នកសុំទានណាម្នាក់ អ្នកសុំទានផ្សេងទៀតឃើញ អាចនឹងសម្រុកនាំគ្នាមកសុំដែរ ក្រែងបានដូចគ្នា។
៣) ចម្ងល់របស់ខ្ញុំមួយ ថាតើអ្នកសុំទានទាំងនេះមានមេក្រុម ឬក្រុមបងតូចបងធំនៅបញ្ជាពីក្រោយ ឬអត់ ? បើមាន លុយដែលឲ្យទៅនោះ ក៏មិនបានដល់ពួកគាត់ជាអ្នកសុំទានដែរ !
៤) អ្នកក្រលំបាកតោកយ៉ាក មិនមែនមានតែអ្នកសុំទាននៅតាមផ្លូវនេះទេ ប៉ុន្តែ ពួកគាត់មិនសុំទាន ពួកគាត់ខំប្រឹងតស៊ូ ដូចជា យើងឃើញអ្នកគាត់ពិការជើង តែគាត់ទៅធ្វើជាអ្នកលាងឡាន គាត់ធ្វើកសិករដាំដុះដំណាំ រកទទួលទានចិញ្ចឹមជីវិតដូចគេឯងដែរ។ ចុះហេតុអ្វីបានជាពួកគាត់នៅតាមផ្លូវនេះ មិនអាចខំរកស៊ីចិញ្ចឹមជីវិតខ្លួនឯងដែរ ?

ជាការពិត នៅទីក្រុងធំៗជាច្រើននៅលើពិភពលោក ក៏មានការសរសេរអំពីវត្តមាននៃអ្នកសុំទានដែរនៅតាមដងផ្លូវដែរ សូម្បីនៅប្រទេសអ្នកមាន ដូចជា អាមេរិក អង់គ្លេស បារាំង ។ល។ ប៉ុន្តែ អាជ្ញាធរនៃប្រទេសនីមួយៗ ចាត់វិធានការផ្សេងៗដែលសមស្របនឹងស្ថានភាពប្រទេសនីមួយៗ ដើម្បីដោះស្រាយបញ្ហាអ្នកសុំទាននេះ។
ចុះនៅទីក្រុងភ្នំពេញវិញ តើអាជ្ញាធរបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាអ្នកសុំទានតាមផ្លូវនេះ ? តើវិធានការនោះមានប្រសិទ្ធភាព ដែរ ឬទេ?៕

