នាពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ស្ទឹងតាតៃបាន ផ្តល់សក្តានុពលចំនួនពីរចំពោះគម្រោងវារីអគ្គិសនីនៅកម្ពុជា ក្នុងនោះគឺសក្តានុពលចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃ២៤៦មេហ្កាវ៉ាត់ ដែលរាជរដ្ឋាភិបាលបានផ្តល់សម្បទានដល់ក្រុមហ៊ុន CHMC វិនិយោគ និងបានដាក់ឱ្យដំណើរការតាំងពីខែធ្នូ ឆ្នាំ២០១៥ រួចមកហើយ ខណៈសក្តានុពលមួយទៀតនោះគឺគម្រោងស្ទឹងតាតៃលើទំហំ១៥០មេហ្កាវ៉ាត់ ដែលកំពុងសាងសង់ថ្មីបន្ថែមនេះ។
តាមការអះអាងរបស់ ឯកឧត្តម កែវ រតនៈ គិតមកទល់ពេលនេះ គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ សម្រេចបានការសាងសង់ជាង៣១%ហើយ ដោយគម្រោងនេះត្រូវបានធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ (BOT) ដោយក្រុមហ៊ុនចិន CHMC ក្នុងទំហំវិនិយោគសរុបចំនួនជិត៤០០លានដុល្លារ និងមានរយៈពេលសម្បទានចំនួន៣៩ឆ្នាំ ដោយក្នុងនោះ៤ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម ហើយសម្រាប់បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំពីគម្រោងនេះ គឺត្រូវលក់ឱ្យអគ្គិសនីកម្ពុជាជាមធ្យមចំនួន ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
ឯកឧត្តម កែវ រតនៈ បញ្ជាក់ទៀតថា គម្រោងវារីអគ្គិសនីតាតៃលើនេះ គឺប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹកចំនួន២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ សម្រាប់ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។
តាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងទីតាំងនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលកំពុងសាងសង់នេះ ក្រុមហ៊ុនសាងសង់បានសិក្សាស្រាវជ្រាវ និងរកឃើញថា ក្នុងទីតាំងនេះមានលក្ខណៈភូមិសាស្ត្រអំណោយផល អាចអភិវឌ្ឍបង្កើតជាស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក ក្នុងអានុភាព ១ពាន់ មេហ្គាវ៉ាត់ ដែលអាចជួយដល់ការបង្កើនលទ្ធភាពអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតនៅ កម្ពុជាផងដែរ។
ដ្បិតការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់នេះ អាចឱ្យកម្ពុជាមានលទ្ធភាពបង្កើនប្រភពថាមពលកកើតឡើងវិញជាអតិបរមា និងឈានដល់ការពិនិត្យលទ្ធភាពធ្វើ ពាណិជ្ជកម្មថាមពលកកើតឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅពេលអនាគតផងដែរ។
សូមបញ្ជក់ដែរថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុបចំនួនជាង ៤ពាន់២រយ មេហ្គាវ៉ាត់ ក្នុងនោះចំនួនជាង ៣ពាន់១រយ មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៧៣% គឺជាប្រភពអគ្គិសនីដែលបានពីការអភិវឌ្ឍក្នុងស្រុក ហើយចំនួនជាង ១ពាន់១រយ មេហ្គាវ៉ាត់ ឬស្មើនឹងជាង ២៦% ទៀតជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង៕