សារព័ត៌មាន CNBC ផ្សាយថា កាលពីឆ្នាំ១៩៩០ សេដ្ឋកិច្ចកោះតៃវ៉ាន់ធ្លាប់បានកើនខ្ពស់ជាងកំណើនរបស់សេដ្ឋកិច្ចចិនដីគោកម្ដង ដែលកាលណោះ សេដ្ឋកិច្ចដែនកោះមួយនេះ បានកើន ៥,៥% ខ្ពស់ជាងកំណើនរបស់សេដ្ឋកិច្ចមហាយក្សចិន ដែលកាលនោះ មានត្រឹមតែ ៣,៩% ។ នេះបើយោងតាមតួលេខផ្លូវការពីរដ្ឋាភិបាលកោះតៃវ៉ាន់ និងរដ្ឋាភិបាលចិនប៉េកាំង ។
សេដ្ឋវិទូប្រចាំធនាគារអង់គ្លេស Barclays បាននិយាយថា សន្ទុះកើនឡើងនៃសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ គឺរុញច្រានដោយវិស័យនាំចេញរឹងមាំរបស់កោះតៃវ៉ាន់ ជាពិសេស ការនាំចេញបន្ទះ chips ដែលមានកំណើនតម្រូវការខ្ពស់ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងវាយប្រហារពិភពលោកទាំងមូល ។
កត្តាចំនួនពីរដែលអ្នកសេដ្ឋវិទូបាននិយាយថា នៅពីក្រោយកំណើនសេដ្ឋកិច្ចជិត ៣% របស់កោះតៃវ៉ាន់ គឺ ទីមួយ វិស័យនាំចេញរឹងមាំក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ២០២០ ជាពិសេស ការនាំចេញបន្ទះ chips ដែលតៃវ៉ាន់គឺជារោងចក្រផលិតដ៏ធំបំផុតនៅលើពិភពលោក និងទីពីរ គឺការគ្រប់គ្រងបានជោគជ័យលើការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលនាំឲ្យសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់មិនជួបប្រទះការបិទប្រទេសធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ៕ (ប្រភព៖ CNBC)