ក្រុមសមាជិកសភាពីរដ្ឋបាល់ទិកនៃប្រទេសលីទុយអានី, ឡាតវី និងអេស្គូនី បានធ្វើដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ជាលើកដំបូងបង្អស់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នឹងបានជួបផ្ទាល់ជាមួយនឹងមេដឹកនាំកំពូលរបស់កោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវិនផងដែរ។ នៅក្នុងជំនួបនោះ មេដឹកនាំកោះតៃវ៉ាន់ បានថ្លែងចំៗថា តៃវ៉ាន់ និងអឺរ៉ុប ត្រូវតែការពារលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ និងព័ត៌មានមិនពិត។
នៅមួយរយៈចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងការទូតកាន់តែខ្លាំងឡើងៗទៅលើក្រុងតៃប៉ិ ដើម្បីឲ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ចិន និងមានការដាក់កម្រិតលើកោះតៃវ៉ាន់ក្នុងការចូលរួមជាអន្តរជាតិជាដើម។ ទោះយ៉ាងណា មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ិនវិន អះអាងថា តៃវ៉ាន់នឹងមិនចុះញ៉មនឹងការគំរាមកំហែងដាច់ខាត ហើយប្តេជ្ញានឹងការពារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឲ្យខាងតែបាន។
ក្នុងនោះដែរ ប្រទេសលីទុយអានី ដែលកំពុងតែមានសម្ព័នភាពជិតស្និទ្ធជាមួយតៃវ៉ាន់ ក៏បានប្រឈមនឹងការដាក់សម្ពាធពីប្រទេសចិនខ្លាំងណាស់ដែរ ដោយសារតែប្រទេសតំបន់អឺរ៉ុបមួយនេះ បានអនុញ្ញាតឲ្យតៃវ៉ាន់បើកស្ថានទូតនៅក្នុងរដ្ឋធានីរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោកស្រី សៃ អ៊ិនវិន បានប្រាប់ទៅកាន់សមាជិកសភានៃប្រទេសតំបន់អឺរ៉ុបយ៉ាងដូច្នេះថា «លទ្ធិប្រជាធិបតេយ្យដែលយើងទទួលបានសព្វថ្ងៃនេះ គឺពិបាករកបានណាស់។ នេះគឺជាអ្វីដែលយើងទាំងអស់គ្នាបានយល់យ៉ាងជ្រាលជ្រៅបំផុត»។
លោកស្រីបន្ថែមថា "ឥឡូវនេះពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលបណ្តាលមកពីការពង្រីកអំណាចផ្តាច់ការ និងការគំរាមកំហែងនៃព័ត៌មានមិនពិត។ ហើយតៃវ៉ាន់មានឆន្ទៈ និងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតជាមួយប្រទេសតំបន់អឺរ៉ុប។ប្រធានសមាជិកសភាប្រទេសលីទុយអានី បានលើកឡើងដែរថា ដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភារបស់ខ្លួននៅកោះតៃវ៉ាន់នាពេលនេះ គឺដើម្បីបញ្ជាក់ពីសាមគ្គីភាពជាមួយនឹងកោះតៃវ៉ាន់។
បើទោះបីជាប្រទេសខ្លះនៅតំបន់អឺរ៉ុប មានទំនាក់ទំនងជិតស្និទ្ធជាមួយកោះតៃវ៉ាន់ក៏ដោយចុះ ប៉ុន្ដែ បើមើលក្នុងក្របខណ្ឌសហភាពអឺរ៉ុបជារួម គឺមិនមានរដ្ឋណាមួយជាសមាជិកនៃសហភាពអឺរ៉ុប មានទំនាក់ទំនងផ្លូវការជាមួយនឹងកោះតៃវ៉ាន់នោះទេ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាពីប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនៅកោះតៃវ៉ាន់នេះ ក៏ត្រូវបានភាគីចិន ថ្កោលទោសយ៉ាងខ្លាំងផងដែរ ខណៈដែលចិនបានព្រមានម្ដងហើយម្ដងទៀតថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន ហើយកន្លងមក មេដឹកនាំចិនក៏បានលើកឡើងពីការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដោយសន្ដិវិធីផងដែរ។ បន្ថែមពីនេះ ចិន ធ្លាប់បានអះអាងថា ស្ថានភាពតានតឹងរវាងក្រុងប៉េកាំង និងកោះតៃវ៉ាន់នេះ គឺបណ្ដាលមកពី ក្រុមអ្នកនយោបាយកោះតៃវ៉ាន់មួយចំនួន មានការឃុបឃិតគ្នា ជាមួយនឹងកងកម្លាំងបរទេស។ ហើយចិន ក៏បានប្រាប់ទៅកាន់បរទេស ពិសេសអាមេរិក កុំឲ្យមានការយល់ច្រឡំ និងជៀសវាងការបញ្ជូនសារខុសទៅកាន់ក្រុមអ្នកគាំទ្រឲ្យមានឯករាជ្យភាពរបស់កោះតៃវ៉ាន់ឲ្យសោះ៕