
គម្រោងអគារដែលមានកម្ពស់ ៥០ជាន់ រហូត ៥៥ជាន់ ៦០ជាន់ ស្ថិតនៅក្នុងគម្រោងនិងកំពុងសាងសង់។
ប៉ុន្តែ បើគិតពីអគារបច្ចុប្បន្នដែលសាងសង់ខ្ពស់ជាងគេបង្អស់នៅកម្ពុជា គឺអគារភ្លោះ The Bridge ដែលមានកម្ពស់ ៤៥ជាន់។ The Bridge នឹងបើកទ្វារប្រតិបត្តិការពាណិជ្ជកម្មនៅដើមឆ្នាំ២០១៨។
អគារភ្លោះខ្ពស់កប់ពពក The Bridge នឹងបើកទ្វារប្រតិបត្តិការអាជីវកម្មនៅដើមឆ្នាំ២០១៨ ខាងមុខនេះហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អតិថិជន។
នេះបើយោងតាមការបញ្ជាក់អះអាងពីលោក ឧកញ៉ា សៀ ឫទ្ធីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប ដែលបានប្រាប់ ខេមបូណូមីស។

អគារភ្លោះ The Bridge នេះ ជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Worldbridge Land របស់លោកឧកញ៉ា សៀ ឫទ្ធី និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមកពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Oxley Holdings ដោយបានបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក ស្ថិតនៅតំបន់ពិសេស តាមបណ្តោយវិថីរដ្ឋសភា និងជិតស្ថានទូតអូស្រ្តាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
The Bridge មានលក្ខណៈពិសេសនិងមុខងារប្រើប្រាស់ចម្រុះ ដូចជា ផ្សារទំនើបកម្ពស់ ៤ជាន់ ខុនដូដែលមាន ៧០០យូនីត ការិយាល័យ និង Home Office ចំនួន ៩០០ប្លុក។
អគារការិយាល័យ អគារស្នាក់នៅរួមដ៏ធំទំនើបមិនធ្លាប់មាននៅកម្ពុជា សាងសង់លើផ្ទៃដីចំនួន១០០៩០ម៉ែត្រការ៉េ ដោយមានអគារភ្លោះចំនួន២ កម្ពស់៤៥ជាន់ ដែលបច្ចុប្បន្នរាប់ចាត់ទុកថា ជាអគារខ្ពស់ជាងគេបង្អស់នៅប្រទេសកម្ពុជា។ Home Office (Soho) ជាការិយាល័យដែលប្រើប្រាស់សម្រាប់ធ្វើជាផ្ទះស្នាក់នៅផង និងអាចធ្វើជាកន្លែងធ្វើការផង។

អ្នកជំនាញផ្នែកអចលនទ្រព្យ បានអះអាងថា ការសាងសង់សំណង់អគារធំៗ និងទំនើបៗនៅក្នុងរាជធានីភ្នំពេញ មិនត្រឹមតែបង្ហាញពីការរីកចម្រើនប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែ អគារទាំងអស់នោះ នឹងចូលរួមចំណែកដ៏សំខាន់មួយដើម្បីលើកស្ទួយកិត្យានុភាពវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា ក៏ដូចជាលើកមុខមាត់រាជធានីភ្នំពេញផងដែរ។
The Peak កម្ពស់ ៥៥ ជាន់ នឹងផុសឡើងបង្ហាញរូបរាងនៅ២ខែខាងមុខ
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប បានប្រាប់ ខេមបូណូមីស ថា បើនិយាយពីគម្រោង The Peak «រហូតមកដល់ពេលនេះ គ្រឹះក្រោមយើងបានសាងសង់រួចរាល់ហើយ The Peak ដូច្នេះ នៅក្នុងរយៈពេល ២ ទៅ ៣ខែទៀត អតិថិជនរបស់យើង នឹងបានឃើញវាផុសផុតពីដីហើយ។ ហើយនេះគឺជាចំណុចមួយដែលយើងអាចធ្វើការអះអាងយ៉ាងច្បាស់ប្រាប់អតិថិជនរបស់យើងថា គ្រប់គម្រោងសាងសង់ដោយក្រុមហ៊ុន រើលប្រ៊ីដ ឡែនដ៏ ដែលបានសហការជាមួយនឹងក្រុមហ៊ុន Oxley Holdings មិនមានគម្រោងណាមួយផ្អាក ឬក៏ដំណើរការយឺតយ៉ាវនោះទេ យើងធ្វើឲ្យទាន់ផែនការ ឬ លឿនមុនផែនការ ដើម្បីអភិវឌ្ឍទៅតាមកិច្ចសន្យាដែលក្រុមហ៊ុនបានធ្វើ»។

លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ តាំងពីគម្រោងទី១ ទី២ នឹងអាចរហូតទី៣ទៀត ដោយសារតែភាពជឿជាក់ ដូច្នេះ ក្នុងនាមខ្ញុំជាអ្នកអភិវឌ្ឍ ខ្ញុំមិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ»។
The Peak បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ៥៨០លានដុល្លារអាមេរិក មានកម្ពស់ចំនួន ៥៥ជាន់ ដែលក្នុងនោះ មានខុនដូ ផ្សារទំនើប កន្លែងការិយាល័យកម្រិត A មាន ៣៥ជាន់ និង ២០ជាន់ នៅខាងលើ នឹងត្រូវរៀបចំសម្រាប់សណ្ឋាគារលំដាប់ផ្កាយ ៥ ឈ្មោះថា Shangri-La ជាសណ្ឋាគារដ៏ល្បីល្បាញនៅលើពិភពលោក ដែលមកពីទីក្រុងហុងកុង។
អគារ The Peak មានទីតាំងស្ថិតនៅមិនឆ្ងាយពីអគារភ្លោះ The Bridge នោះទេ។ អគារនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ អគារ The Peak គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ៕