ចំណូលគយ និងពន្ធដារ

ចំណូលគយ និងពន្ធដារសម្រេចបានដល់ជាង ៦ពាន់លានដុល្លារនៅឆ្នាំ២០២២ កើនលើសផែនការជាង ២៧%


តាមការគូសបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបជាង ៦ពាន់លានដុល្លារ បានកើនឡើងលើផែនការ ២៧%ឯណោះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្ដីរំពឹងកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ជាពិសេសការអនុញ្ញាតឲ្យអ្នកដំណើរជនជាតិចិនអាចធ្វើដំណើរឡើងវិញ នឹងនាំឲ្យកម្ពុជាអាចទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ចំណូលគយ និងពន្ធដារសម្រេចបានដល់ជាង ៦ពាន់លានដុល្លារនៅឆ្នាំ២០២២ កើនលើសផែនការជាង ២៧%

ថ្លែងក្នុងឱកាសអញ្ជើញក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោម​ឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន​ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានបង្ហាញនូវគំនិត​សុទិដ្ឋិនិយម​កាន់តែខ្លាំងចំពោះ​សេដ្ឋកិច្ចកម្ពុជា ​ឆ្នាំ២០២២ និងឆ្នាំ២០២៣។​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្ដេចតេជោ ហ៊ុន សែន​ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងជាមួយអត្រា ៥,៥% នៅឆ្នាំ២០២២ ជាមួយនឹងថវិកាជាតិបានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងពន្ធគយរហូតដល់ជាង ៦ពាន់លានដុល្លារ ឬស្មើនឹង ១២៧% នៃផែនការច្បាប់ដែលបានកំណត់។ ក្នុងនោះ ថវិកាដែលទទួលបានពីការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ មានជាង ៣ពាន់លានដុល្លារ ស្មើនឹងជាង១២២%នៃច្បាប់ថវិកាឆ្នាំ២០២២។ ចំណែកឯ ​ថវិកាដែលប្រមូលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ មានជាង ២ពាន់លានដុល្លារ ស្មើនឹងជិត១០៥%នៃច្បាប់ថវិកាសម្រាប់២០២២។

ជុំវិញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានេះដែរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើង​​ក្នុងរង្វង់ ៦,៦% នៅឆ្នាំ២០២៣។ ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ត្រូវបានរំពឹងគាំទ្រដោយការបន្តកើនឡើងនៃវិស័យឧស្សាហកម្មក្នុងអត្រា ៩,២% បើធៀបនឹងឆ្នាំ២០២២ ដែលមានក្នុងអត្រា៩%, វិស័យសេវាកកម្មនឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ កើនពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ និងវិស័យកសិកម្មកើនឡើងក្នុងអត្រា១,១% ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន០,៧% ក្នុងឆ្នាំ២០២២។ កំណើនក្នុងវិស័យទាំងនេះ ត្រូវបានរំពឹងជំរុញដោយការកើនឡើងនៃអនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ អចលនទ្រព្យ និងសំណង់ ការដាំដុះ និងការចិញ្ចឹមសត្វជាដើម។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តកត់សម្គាល់ឃើញថា តាមរយៈនៃការប្រមូលចំណូលសារពើពន្ធ ក្នុងឆ្នាំ២០២២ បានល្អប្រសើរ បានប្រែក្លាយកម្ពុជា មកជាប្រទេសដែលមានចំណូលច្រើនជាងចំណាយវិញ ក្រោយវិបត្តិកូវីដ១៩។ ខណៈនៅអំឡុងនៃវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា មានការចាយវាយច្រើនជាងចំណូល។ ជាមួយនឹងលទ្ធផលដ៏ប្រសើរនៃការប្រមូលចំណូលសារពើពន្ធឆ្នាំ២០២២ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា នៅឆ្នាំ២០២៣ កម្ពុជានឹងមានអតិរេកថវិកាចរន្តបន្តទៀត ជាពិសេសតាមរយៈការអនុញ្ញាតធ្វើដំណើរឡើងវិញនៃភ្ញៀវទេសចរចិន។ សម្ដេចបន្ថែមថា បច្ចុប្បន្ន ស្ទើគ្រប់វិស័យសំខាន់ៗ ដែលទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចកម្ពុជា សុទ្ធតែបានស្ទុះងើបឡើងវិញ ក្រោយកម្ពុជាប្រកាសបើកសង្គម និងសេដ្ឋកិច្ចឡើងវិញ លើកលែងតែវិស័យសេវាកម្ម ប៉ុណ្ណោះ ដូច្នេះ ប្រសិនបើកម្ពុជា អាចទទួលបាននូវភ្ញៀវទេសចរឡើងវិញសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៣ នឹងកាន់តែរីកលូតលាស់កាន់តែខ្លាំង។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ចំពោះអ្នកទេសចរចិនដែលចង់មកទស្សនាប្រទេសកម្ពុជា នៅពេលរដ្ឋាភិបាលចិន បើកឱ្យប្រជាជនចេញក្រៅប្រទេសបានស្រួលបួលឡើងវិញនាពេលខាងមុខ ដោយសម្ដេចបានលើកឡើងថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះវត្តមានភ្ញៀវទេសចរចិន។ យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែនរំពឹងថា ក្រោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបើកឱ្យប្រជាជនខ្លួនចេញក្រៅប្រទេសបានឡើងវិញ នឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឆ្នាំ២០២៣ ខណៈនៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ២លាន២សែននាក់ ប៉ុណ្ណោះ តែឆ្នាំ២០២៣សម្ដេចក៏រំពឹងថានឹងទទួលបានអ្នកទេសចរចិនប្រមាណ២លាននាក់៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងស្វះស្វែងរកឥណទានបន្ថែមពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធចាំបាច់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្ដេចបាននិងកំពុងតែស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ បន្ថែ…

អ្នកជំនាញរំពឹងផ្ទះតម្លៃសមរម្យមានទីផ្សារល្អ ខណៈសម្តេចជំរុញឲ្យបន្តអភិវឌ្ឍបន្ថែម

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការប្រកាសបើកប្រទេសឡើងវិញរបស់ចិននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងការរួមចំណែកធ្វើឲ្យប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ