វិស័យពាណិជ្ជកម្ម

ក្រុមអ្នកជំនាញព្រមានថា ការដាក់ពន្ធរបស់អាម៉េរិក លើកប៉ាល់ដឹកទំនិញរបស់ចិន នឹងធ្វើឱ្យវិបត្តិពាណិជ្ជកម្មអន្តរជាតិ កាន់តែធ្ងន់ធ្ងរ


ដែកទីបទម្ងន់រហូតដល់១ម៉ឺន៦ពាន់តោន ដែលដឹកតាមកប៉ាល់សម្រាប់ផ្គត់ផ្គង់ដល់គម្រោងថាមពលដ៏ធំមួយនៅរដ្ឋលូអ៊ីស៊ីអេណា (Louisiana) សហរដ្ឋអាម៉េរិក ត្រូវបានជាប់គាំងនៅប្រទេសអាល្លឺម៉ង់ ជំនួសឱ្យការដឹកឆ្ពោះទៅកាន់សហរដ្ឋអាម៉េរិក ដោយសារក្រុងវ៉ាស៊ីនតោន បានស្នើយកពន្ធរាប់លានដុល្លារពីកប៉ាល់ដឹកជំនិញរបស់ចិន ក្នុងមួយគ្រឿងៗ ដែលចូលចតនៅសហរដ្ឋអាម៉េរិក ហើយនេះជាសញ្ញាមួយទៀតបង្ហាញពីភាពវឹកវរទូទាំងពិភពលោក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីផ្លូវការ នៅថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២៥ មក។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ចូស សេវើរីន (Jose Severin) នាយកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Mercury Group ដែលផ្ដល់សេវាកម្មភស្ដុភារកម្មសម្រាប់គម្រោងថាមពលនៅក្នុងរដ្ឋលូអ៊ីស៊ីអេណា (Louisiana) សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ការចរចាអំពីការដឹកជញ្ជូនដែកទីបចំនួន១ម៉ឺន៦ពាន់តោន ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ត្រូវបានផ្អាកដោយសារតែភាពមិនប្រាកដប្រជា។

ប្រមាណ៨០%នៃកប៉ាល់របស់ក្រុមហ៊ុន Mercury Group ត្រូវបានផលិតឡើងនៅក្នុងប្រទេសចិន ហើយកប៉ាល់ទាំងនេះប្រឈមនឹងការតម្រូវឱ្យបង់ពន្ធក្នុងមួយគ្រឿងៗចន្លោះពី១លានដុល្លារអាម៉េរិកដល់៣លានដុល្លារអាម៉េរិក ដែលតម្លៃពន្ធនេះស្មើថ្លៃដឹកជញ្ជូនរហូតដល់ទៅ២ ឬ៣ដងឯណោះ។

សូមបញ្ជាក់ថា ករណីខាងលើនេះ គ្រាន់តែជាកិច្ចព្រមព្រៀងមួយប៉ុណ្ណោះ ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនដែលត្រូវបានរាំងស្ទះដោយសារសំណើរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ដែលបានស្នើយកពន្ធរាប់លានដុល្លារពីកប៉ាល់ដឹកជំនិញចិន ដើម្បីទប់ទល់ឥទ្ធិពលរបស់មហាយក្សចិន ដែលមានភាពលេចធ្លោឈានមុខគេផ្នែកផលិតកប៉ាល់ និងភស្តុភារកម្ម។

បច្ចុប្បន្ន កប៉ាល់ដឹកទំនិញជាងពាក់កណ្តាលនៃកប៉ាល់ដឹកជំនិញទូទាំងពិភពលោកត្រូវបានផលិតឡើងដោយប្រទេសចិន ដោយកើនឡើងពី៥% ក្នុងឆ្នាំ១៩៩៩ ខណៈដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏ជាតួអង្គសំខាន់ក្នុងឧស្សាហកម្មផលិតកប៉ាល់។ ផ្ទុយទៅវិញ រោងចក្រផលិតកប៉ាល់របស់សហរដ្ឋអាម៉េរិក ផលិតបានត្រឹមតែ០,០១% ប៉ុណ្ណោះ កាលពីឆ្នាំមុន ហើយការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) មានគោលដៅធ្វើឱ្យឧស្សាហកម្មផលិតកប៉ាល់ដែលកំពុងដាំក្បាលចុះរបស់សហរដ្ឋអាម៉េរិក រស់រានឡើងវិញ។

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានទទួលស្គាល់ថា ភាពលេចធ្លោឈានមុខគេរបស់ប្រទេសចិន ធ្វើឱ្យប្រទេសនេះ មានឥទ្ធិពលខ្លាំងគ្របដណ្ដប់លើការផ្គត់ផ្គង់ទូទាំងពិភពលោក រួមទាំងតម្លៃ និងការជ្រៀតចូលទៅកាន់ទីផ្សារនានា ផងដែរ នៅពេលដែលខ្លួនបានបង្ហាញសំណើខាងលើនេះ។

ជាការឆ្លើយតប ក្រុមហ៊ុនចិន China State Shipbuilding Corp ដែលជាក្រុមផលិតកប៉ាល់ធំបំផុតក្នុងពិភពលោកបានចាត់ទុកវិធានការរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ថា ជាការបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ បញ្ហានេះនឹងក្លាយជាចំណុចស្នូលនៃសវនាការតវ៉ាគ្នារយៈពេល២ថ្ងៃរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ក្រោយ។

ក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ និងក្រុមហ៊ុនផលិតកប៉ាល់នានា របស់ចិន នឹងចូលរួមក្នុងសវនាការខាងលើនេះដែរ ហើយបណ្ដាម្ចាស់អាជីវកម្ម និងក្រុមពាណិជ្ជកម្មធំៗបានព្រមានថា សំណើយកពន្ធរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក អាចធ្វើឱ្យរាំងស្ទះដល់ពាណិជ្ជកម្មពិភពលោកខ្លាំងជាងពន្ធគយរបស់លោក ដូណាល់ ត្រាំ ទៅទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិស័យលក់រាយនៅសហរដ្ឋអាម៉េរិក ជួបវិបត្តិធ្ងន់ធ្ងរ ខណៈហាងជាង១៥.០០០កន្លែង ប្រឈមការបិទទ្វារនៅឆ្នាំ២០២៥ នេះ

វិស័យលក់រាយនៅសហរដ្ឋអាម៉េរិក កំពុងជួបវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ខណៈហាងរហូតដល់ទៅជាង១ម៉ឺន៥ពាន់កន្លែង ប្រឈមនឹងការបិ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ