ក្រុមហ៊ុន Tencent ត្រូវបានគេរំពឹងថា អាចនឹងរងការពិន័យពីសំណាក់រដ្ឋាភិបាលចិន ជាង១ពាន់៥រយលានដុល្លារអាមេរិក ខណៈដែលកាលពីខែមុននេះ អាជ្ញាធរចិនក៏ទើបតែបានប្រកាសផាកពិន័យក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិនលោក Jack Ma ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជាង ២ពាន់៧រយលានដុល្លាររួចហើយផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមហ៊ុន Tencent ប្រឈមនឹងការពិន័យ ដោយសារតែក្រុមហ៊ុននេះ មិនបានរាយការណ៍ឲ្យបានត្រឹមត្រូវអំពីការទិញយកភាគហ៊ុន និងការវិនិយោគនាពេលកន្លមក រួមជាមួយនឹងបទល្មើសពាណិជ្ជកម្មជាច្រើនផ្សេងទៀត។
នៅប៉ុន្មានខែថ្មីៗនេះ គេសង្កេតឃើញថា ប្រទេសចិន បានព្យាយាមទប់ស្កាត់អំណាចសេដ្ឋកិច្ច និងសង្គមនៃក្រុមហ៊ុនបណ្ដាញអ៊ីនធើណែតយក្សៗ ដែលកន្លងមកអាជ្ញាធរចិនហាក់មានការធូររលុងជាមួយក្រុមហ៊ុនទាំងនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Tencent និង Alibaba ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំជាងគេបំផុតនៅក្នុងប្រទេសចិន ដោយតម្លៃទីផ្សារសរុបនៃក្រុមហ៊ុនយក្សទាំងពីរនេះបូកបញ្ជូលគ្នាមានជាង១,៤ ទ្រីលានដុល្លារអាមេរិក ដោយក្នុងនោះ ក្រុមហ៊ុន Tencent មានតម្លៃទីផ្សារសរុបប្រមាណ ៧៧៦ពាន់លានដុល្លារ និងក្រុម Alibaba មានតម្លៃ ៦៤២ពាន់លានដុល្លារ៕