ក្រុមហ៊ុនចិន

ក្រុមហ៊ុនចិនជាច្រើនបានបង្ហាញបំណងចង់ពង្រីក និងសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗរាប់ចាប់តាំងពីធនធានរ៉ែរហូតដល់បច្ចេកវិទ្យា AI នៅកម្ពុជា


នៅមួយថ្ងៃដំបូងនៃដំណើរទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាការងារជាមួយតំណាង និងថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗចំនួន៩ សំដៅទាក់ទាញក្រុមហ៊ុនទាំងនោះឱ្យមកបោះទុនវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះសុទ្ធតែបានបង្ហាញពីបង្ហាញចង់ស្វែងរកឱកាសវិនិយោគ និងពង្រីកផលិតកម្មវិនិយោគនៅកម្ពុជារាប់ចាប់តាំងពីវិស័យកសិកម្ម ធនធានរ៉ែ រហូតដល់វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ក្រុមហ៊ុនចិន
ដោយ

ក្រុមហ៊ុនចិនជាច្រើន ដែលបានចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅប្រទេសចិនកាលពីថ្ងៃទី១៥ ខែកក្កដា សុទ្ធតែបានបង្ហាញពីបំណងចង់វិនិយោគ និងពង្រីកផលិតកម្មបន្ថែមនៅកម្ពុជា។ ជាក់ស្តែងក្រុមហ៊ុន Beijing Star AI ចង់ស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន៤រួមមានមជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត, មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន។

ចំណែកក្រុមហ៊ុន CHINALCO ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែកបានបង្ហាញបំណងចង់វិនិយោគបន្ថែមលើការផលិតដែក និងវិស័យធនធានរ៉ែនៅកម្ពុជា។ ជាមួយគ្នានេះក្រុមហ៊ុន CRCC ដែលជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោកដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មនៅ១៥០ប្រទេសបានបង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលកកើតឡើងវិញ។
ទន្ទឹមនឹងនេះក្រុមហ៊ុន China Energy International ដែលកំពុងប្រតិបត្តិការអាជីវកម្មលើគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅកម្ពុជាបានបង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមលើការផលិតស៊ីម៉ងត៍ ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគា្ននេះ ក្រុមក្រុមហ៊ុន China Machinery Engineering Corporation ដែលកំពុងសហការជាមួយដៃគូក្នុងស្រុកលើការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង បានបង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យថាមពល និងកសិកម្ម។ ដោយឡែកក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលបានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្មនៅកម្ពុជា បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ។
បន្ថែមលើនេះក្រុមហ៊ុន Yuanda Group, ក្រុមហ៊ុន Fujian Jinlu Daily Chemical និងក្រុមហ៊ុន Haier Group ក៏បានបង្ហាញបំណងសិក្សាឱកាសវិនិយោគក្នុងអប់រំ កសិកម្ម បច្ចេកវិទ្យា និងការផលិតសម្ភារៈសម្រាប់ប្រើប្រាស់ និងថេបប្លែតផងដែរ។
ក្រៅពីបង្ហាញបំណងចង់សិក្សាឱកាស និងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនខាងលើ កម្ពុជា-ចិនក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព និងពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។
ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្តល់ការគាំទ្រ សម្របសម្រួលជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគទាំងអស់ ដើម្បីធានាបាននូវភាពជោគជ័យ និងសុវត្ថិភាពនៃការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់ បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំប្លែងឱកាសវិនិយោគទាំងនេះ ឱ្យលេចចេញជាផ្លែផ្កាជាក់ស្ដែងនៅពេលអនាគតដ៏ខ្លីខាងមុខ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ចិន វ៉ាដាច់អាម៉េរិក ក្លាយជាទីផ្សារនាំចូលគ្រឿងសមុទ្រធំបំផុតរបស់វៀតណាម

ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាម៉េរិក ក្លាយជាទីផ្សារនាំចូលគ្រឿងសមុទ្រធំបំផុតរបស់វៀតណាម ជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំ២០២៦​នេះ។ ការនាំច…

តើតម្លៃសំបុត្រយន្តហោះចេញចូលកម្ពុជា ប្រែប្រួលយ៉ាងណា ក្រោយតម្លៃប្រេងមានការធ្លាក់ចុះ?

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បានអះអាងថា តម្លៃសំបុត្រយន្តហោះដែលបានហក់ឡើងខ្ពស់កាលពីពេលកន្លងទៅ ហាក់មានភាពធូរស្បើយវិញហើយ ក្រោយសកម្មភាពហោះហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ