ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Samsung បានបញ្ជាក់ថា រហូតដល់ឆ្នាំ២០២៣ ខ្លួននឹងពង្រឹងគោលជំហរជាសកលរបស់ខ្លួននៅក្នុងឧស្សាហកម្មស្នូលសំខាន់ៗដូចជា ការបង្កើតបន្ទះឈីបជាដើម ខណៈដែលក្រុមហ៊ុនក៏នឹងស្វែងរកឱកាសរីកចម្រើននៅក្នុងវិស័យថ្មីៗផ្សេងទៀតដែរ ដូចជាការផលិតមនុស្សយន្ដ ឬ រ៉ូបូត និងវិស័យទូរគមនាគមន៍ជំនាន់ថ្មីជាដើម។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះអង្គចងចាំអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក ក៏បានបញ្ជាក់ទៀតថា ខ្លួនមានផែនការពង្រឹងបច្ចេកវិទ្យា និង ភាពឈានមុខផ្នែកទីផ្សារ តាមរយៈការរួមបញ្ចូលគ្នាជាមួយប្រតិបត្តិការក្រុមហ៊ុនផ្សេងទៀត និងការទិញយកភាគហ៊ុនក្រុមហ៊ុនធំៗ ដើម្បីបម្រើដល់ការរីកចម្រើនរបស់ Samsung។
ការចំណាយលើការវិនិយោគនៅរយៈពេល៣ឆ្នាំខាងមុខរបស់ក្រុមហ៊ុន Samsungនេះ គឺមានធំជាងដល់ទៅ ៣០% ធៀបនឹងការពង្រីកការវិនិយោគកាលពី៣ឆ្នាំមុន។ បើតាមការគូសបញ្ជាក់ពីក្រុមហ៊ុន Samsung ឧស្សាហកម្មបន្ទះឈីប គឺជាការធានាបាននូវសុវត្ថិភាពមួយសម្រាប់សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ហើយការចំណាយវិនិយោគដ៏ច្រើនសម្បើមនេះ គឺជាយុទ្ធសាស្ត្រស្លាប់រស់របស់ក្រុមហ៊ុន ព្រោះនៅពេលណាដែលក្រុមហ៊ុនបាត់បង់នូវភាពប្រកួតប្រជែង វានឹងមិនងាយសាងវាត្រឡប់មកវិញនោះឡើយ។
ជុំវិញទៅនឹងឧស្សាហកម្មផលិតបន្ទះឈីបនេះដែរ គេសង្កេតឃើញថា ក្រុមហ៊ុនធំជាច្រើនកំពុងសម្រុកបោះទុនកាន់ច្រើនដូចគ្នាដែរ តួយ៉ាងរោងចក្រផលិតនៅតៃវ៉ាន់ និង រោងចក្ររបស់ក្រុមហ៊ុន Intel របស់អាមេរិកជាដើម គឺសុទ្ធសឹងតែកំពុងបង្កើនការវិនិយោគកាន់តែធំ នៅគ្រាដែលសកលលោកកំពុងមានបញ្ហាកង្វះខាតបន្ទះឈីបនេះ និង ការប្រកួតប្រជែងក៏មានការកើនឡើងខ្លាំងដែរ នៅក្នុងចំណែកទីផ្សារបន្ទះឈីបដែលមានគុណភាពកម្រិតខ្ពស់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥៩ ជាមួយនឹងទ្រព្យសកម្មសរុបជាង ៣៩០ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ការបង្ហាញពីការវិនិយោគពោរពេញទៅដោយមហិច្ឆតានេះ គឺធ្វើឡើងនៅក្រោយ១សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំក្រុមហ៊ុន Samsung Group គឺលោក ចេ វ៉ាយ លី (Jay Y. Lee) ត្រូវបានដោះលែងចេញពីពន្ធធនាគារ ក្រោយពីរូបលោកត្រូវបានផ្ដន្ទាទោសពីបទសូកប៉ាន់ និង កិបកេងប្រាក់៕