លោក ប៉ាវែល ឌូរ៉ូវ (Pavel Durov) វ័យ៣៩ឆ្នាំ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Telegram ត្រូវបានចាប់ខ្លួនតាមដីកាឃាត់ខ្លួននៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលិសបារាំង ក្រោយយន្តហោះឯកជនរបស់លោកបានចុះចតនៅអាកាសយានដ្ឋានក្រៅក្រុងប៉ារីស។ លោក ត្រូវបានចាប់ខ្លួនក្រោមការស៊ើបអង្កេតទាក់ទិននឹងការខ្វះអ្នកសម្របសម្រួលនៅលើ App Telegram ដែលប៉ូលិសចាត់ទុកការខ្វះអ្នកសម្របសម្រួលនេះ បានអនុញ្ញាតឱ្យសកម្មភាពឧក្រិដ្ឋកម្មបន្តកើតមានដោយគ្មានការត្រួតពិនិត្យ ឬគ្មានការរំខាននៅលើ Telegram។
Telegram ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សរុបជិត១ពាន់លាននាក់ មានឥទ្ធិពលខ្លាំងណាស់នៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបណ្ដាសាធារណរដ្ឋនៃអតីតសហភាពសូវៀត។ វាត្រូវបានចាត់ថ្នាក់ជាបណ្ដាញទំនាក់ទំនងសង្គមដ៏ធំ និងមានឥទ្ធិពលបំផុតមួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat។
ភ្លាមៗក្រុមហ៊ុន Telegram មិនបានឆ្លើយតបនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំការឆ្លើយបំភ្លឺជុំវិញបញ្ហាឃាត់ខ្លួនស្ថាបនិករបស់ខ្លួននោះទេ។ ចំណែកឯក្រសួងមហាផ្ទៃ និងប៉ូលិសបារាំង ក៏មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ។
លោក ប៉ាវែល ដែលមានដើមកំណើតរុស្ស៊ី បានបង្កើត App Telegram ជាមួយប្អូនប្រុសរបស់លោកក្នុងឆ្នាំ២០១៣។ លោក ប៉ាវែល ដែលត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិជាង១៥ពាន់លានដុល្លារអាម៉េរិក បានចាកចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកបានបដិសេធមិនធ្វើតាមសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ដែលទាមទារឱ្យបិទសហគមន៍ប្រឆាំងនៅលើបណ្ដាញទំនាក់ទំនងសង្គម វីកុនតាកតេ (VKontakte) ដែលលោកបានលក់ចេញទៅហើយ។ លោក ប៉ាវែល ទទួលបានសញ្ជាតិបារាំង នៅខែសីហា ឆ្នាំ២០២១។
លោក ប៉ាវែល បានប្រាប់អ្នកកាសែតអាម៉េរិក ថាក់ឃ័រ ខាលសុន (Tucker Carlson) កាលពីខែមេសា ដើមឆ្នាំ២០២៤ ពីការចាកចេញរបស់លោកពីរុស្ស៊ី និងស្វែងរកទឹកដីថ្មីបោះមូលដ្ឋានឈរជើងសម្រាប់ក្រុមហ៊ុនរបស់លោក ដែលរួមមានទាំងនៅក្រុងប៊ែកឡាំងនៃប្រទេសអាល្លឺម៉ង់ ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាម៉េរិក និងប្រទេសសិង្ហបុរីថា លោកចង់មានសេរីភាពជាជាងទទួលការបញ្ជាពីនរណាម្នាក់៕
ដោយ: តែម សុខុម